វាយកូនបាល់ជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះកីឡាករថ្នាល ឡេង សារិនរាជបង្ហាញភាពលេចធ្លោជាងគេ ខណៈឈុតធំប៊ុន កេន្នីនៅតែរក្សាភាពខ្លាំង
ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលដំណើរការប្រកួតរយៈពេល៤នៅក្នុងពហុកីឡដ្ឋានជាតិ បានបិទបញ្ចប់ផ្លូវការហើយ កាលពីថ្ងៃទី១០ ខែ មករា ឆ្នាំ២០២១។
លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូ័នបាល់កម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ដែលបានដំណើរការអស់រយៈពេល៤ថ្ងៃនេះបានបញ្ចប់ជាមួយនឹងលទ្ធផលល្អប្រសើរ។ លោកថា វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤ ដោយមានប្រកួតសរុបចំនួន៣៧ប្រកួត និងមានក្លិប រាជធានី-ខេត្តចូលរួមចំនួន៨ក្លិប សរុបកីឡាករ ៤៤នាក់ និងកីឡាការិនី ៤នាក់។
លោក អះអាងថា កីឡាករកីឡាការិនីទាំង៤វិញ្ញាសាដែសសម្រាំងបាននេះ និងជាប់ជាកីឡាករប្រមូលផ្តុំរបស់ក្រសួងអប់រំយុវជន និងកីឡា ប៉ុន្តែកីឡាករកីឡាការិនី ដែលមានឱកាសចូលរួមស៊ីហ្គេមនៅប្រទេសវៀតណាមត្រូវជាប់ក្នុងការប្រកួតជម្រុះរបស់សហព័ន្ធម្តងទៀត។
អគ្គលេខាធិការរងខាងលើ គូបញ្ជាក់ថា ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃកន្លងទៅនេះ គណៈកម្មាការសង្កេតឃើញថា ការប្រកួតក្នុងក្របខណ្ឌអក្សរ(ក)មានកីឡាករ២រូបដែលបានបង្ហាញភាពលេចធ្លោខ្លាំងជាងគេ គឺ កីឡាករឡេង សារិនរាជយុវជនថ្នាល និងកីឡាករ ប៊ុនកេន្នីកីឡាករឈុតធំ។
លោក បញ្ជាក់ថា កីឡាករទាំង២រូបនេះ ក្នុងការប្រមូលផ្តុំរបស់ក្រសួងអប់រំយុវជន និងកីឡា ត្រៀមស៊ីហ្គេម ឆ្នាំ២០២១នៅប្រទេសវៀតណាម និងត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជ័យលាភីទាំង៤វិញ្ញាសានេះរួមមាន៖ វិញ្ញាសាវាយឯកត្តជននារី លេខ១មេដាយមាស កីឡាការិនី ញ៉ែម ស្រីណុច ខេត្តសៀមរាប, វាយឯកត្តជនអាយុក្រោម១៨ឆ្នាំ មេដាយមាស ឡេង សារិនរាជ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វាយគូបុរស មេដាយមាស កីឡាករ ប៊ុន កេន្នី និងកីឡាកីឡាករ ទេព ទីម៉ូធី ក្លិបឌីវេនខូ និងវិញ្ញាសាវាយឯកត្តជន បុរសម្នាក់ទល់ម្នាក់ មេដាយមាស កីឡាករ ប៊ុន កេន្នី ក្លិបឌីវេនខូ។ ក្រៅពីមេដាយមាស ក៏មានជ័យលាភីមេដាយប្រាក់ និងសំរឹទ្ធ លើវិញ្ញាសាទាំង៤នេះដូចៗគ្នា ដែលក្នុងនោះក្រសួងការពារជាតិឈ្នះមេដាយប្រាក់២វិញ្ញាសា និងមេដាយសំរឹទ្ធ២វិញ្ញាសា។
ចំពោះពិធីបំពាក់មេដាយទទួលបានការអញ្ជើញផ្តល់កិត្តិយសពីលោកជំទាវ ស៊ុ សុខា នាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ និងជាអនុប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា, លោកឧកញ៉ា ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕