សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងដំណើរទស្សនៈកិច្ច នៅការដ្ឋានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិច និងជួបសំណេះសំណាលជាមួយកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក
កំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងដំណើរទស្សនៈកិច្ច នៅការដ្ឋានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិច និងជួបសំណេះសំណាលជាមួយកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងនោះដែរ សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូ ក៏បានអញ្ជើញពិនិត្យសកម្មភាពប្រតិបត្តិការស្រង់យកគ្រាប់ចេញពីនាវា របស់កងបោសសម្អាតគ្រាប់ក្រោមទឹក និងអញ្ជើញពិនិត្យឃ្លាំងសុវត្ថិភាពរក្សាទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានស្រង់ចេញពីនាវា។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងបានចែកអំណោយជូនប្រជាពលរដ្ឋ និងកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ដែលក្នុងនោះរួមមាន៖
-ឧបត្ថម្ភសាលាស្រុកស្រីសន្ធរ ១.០០០.០០០រៀល
-ឧបត្ថម្ភកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក អង្ករ ចំនួន ១តោន និងឧបត្ថម្ភកម្លាំងប្រតិបត្តិការចំនួន ៤៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០០.០០០រៀល
-ឧបត្ថម្ភជូនប្រជាពលរដ្ឋ ចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម, សារុង ១ និងថវិកា ១០.០០០រៀល។
ដោយក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម បានឧបត្ថម្ភអង្ករ ១តោន និងថវិកា ១០.០០០.០០០រៀល និងលោកឧត្ដមសេនីយ៍ទោ ម៉ី សុភា ឧបត្ថម្ភអង្ករ សារុង និងថវិកា សម្រាប់ប្រជាពលរដ្ឋ ២០០នាក់។
គួរអោយដឹងដែរថា តាមរបាយការណ៍ស្ថានភាពគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវា ក្នុងនោះប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមាន ៖ អាវុធធុនតូច AK 47, អាវុធធុនតូច ១២,៧មម, គ្រាប់កាំភ្លើងត្បាល់ ៦០មម, គ្រាប់កាំភ្លើងត្បាល់ ៨១មម, គ្រាប់កាំភ្លើងផ្លោង ១០៥មម, សម្ភារៈសឹករបស់ទាហាន លន់ នល់ ជាច្រើនមុខទៀត។ ដែលគិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួនគ្រាប់មាន ៖ គ្រាប់កាំភ្លើងយន្ត ១២.៧មម មាន៥៤,៩២៥គ្រាប់, គ្រាប់កាំភ្លើងត្បាល់ ៦០មម មាន ៥៤៥គ្រាប់, គ្រាប់កាំភ្លើងត្បាល់ ៨១មម មាន ២៣០គ្រាប់, គ្រាប់ផ្លោង ១០៥គ្រាប់៕ដោយ -រ៉ាវុធ