បុរសម្នាក់ផឹកស្រាបៀរអស់៣កំប៉ុង បែកគំនិតលោតពីលើផ្ទះជាន់ទី៤ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ក្រោយពីផឹកស្រាបៀរអស់៣កំប៉ុងដែលអ្នកជិតខាងអោយ ស្រាប់តែទៅលោតពីលើផ្ទះជាន់ទី៤ ប៉ុនប៉ងសម្លាប់ខ្លួនតែមិនស្លាប់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៤ និង១០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំណេញ។

បុរសដែលលោតពីលើផ្ទះ មានឈ្មោះ គង់ សាវរ៉ាត់ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជាន់ទី៤ កន្លែងកើតហេតុខាងលើ។

យោងតាមការស្រាយបំភ្លឺពីស្រ្តីចំណាស់ម្នាក់ ដែលជាសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គង់ សាវរ៉ាត់ ជនរងគ្រោះខាងលើត្រូវបានអ្នកជិតខាងអោយស្រាបៀរចំនួន៣កំប៉ុង ហើយ គង់ សាវរ៉ាត់ បានយកទៅខាងលើផ្ទះនៅជាន់ទី៤ ផឹកម្នាក់ឯងអស់៣កំប៉ុង ហើយមិនដឹងមានមូលហេតុអ្វី ស្រាប់តែលោតពីលើផ្ទះចុះមកក្រោមតែម្តង បណ្តាលឲ្យរងបួសធ្ងន់បាក់ដៃខាងស្តាំ សន្លប់ស្តូកស្តឹង ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ។

ប្រភពដដែល បានបញ្ជាក់ថា គង់ សាវរ៉ាត់ ពីមុនធ្លាប់ប្រើប្រាស់គ្រឿងញៀន មានប្រពន្ធនិងកូន៥នាក់ (នៅក្នុងផ្ទៃម្នាក់)។

បច្ចុប្បន្ននេះ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកឯមូលហេតុនៃការលោតប៉ុនប៉ង់សម្លាប់ខ្លួននេះ នៅមិនទាន់មាននរណាម្នាក់បញ្ជាក់ពីមូលហេតុនៅឡើយទេ៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner