សែលកាតបង្ហាញកម្មវិធីថ្មី ពួកម៉ាក(Pouk Mak) ដែលជាកម្មវិធីផ្ញើសារបានច្រើនមុខ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១ដែលជាថ្ងៃទិវានៃសេចក្តីស្រឡាញ់សែលកាតបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីពួក ម៉ាក (Pouk Mak)ដែលជាកម្មវិធីផ្ញើសារបានច្រើនមុខនិងជាកម្មវិធីបង្កើតដោយ

ស្នាដៃកូនខ្មែរផងដែរ។

ក្រុមហ៊ុនទូរស័ព្ទមួយនេះបាននិយាយថាកម្មវិធីPouk Mak កំពុងត្រូវបានដាក់លក់ជាសកលនៅលើហាង iOS និង Android App ដែលត្រូវបានចេញប្រើប្រាស់ជាផ្លូវការសម្រាប់អ្នករាល់គ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ  គឺសម្រាប់ផ្ញើសារ ខលតាមវីដេអូ និងតេជាសំឡេង ចែករំលែកឯកសារ និងអាចប្រើប្រាស់នូវមុខងារផ្សេងៗជាច្រើនទៀត។

លក្ខណៈពិសេសរបស់កម្មវិធីនេះរួមមាន ការផ្ញើសារជាក្រុម ការទទួលបាននូវព័ត៌មានចម្រុះបែប និងការផ្ញើស្ទីកគ័រប្លែកៗ រួមជាមួយនឹងការការពារសុវត្ថិភាពដោយការអ៊ិនគ្រីបទាំងស្រុង និងរក្សាទុកទិន្នន័យនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។

សេវាកម្ម App ឥតគិតថ្លៃនេះ ត្រូវបានបង្ហាញជាមួយនឹងការរៀបចំពិធីអបអរសាទរដ៏អធិកអធមបំផុត នៅការិយាល័យកណ្តាលសែលកាតក្នុងរាជធានីភ្នំពេញ ដោយការផ្សាយឆ្លងកាត់ផ្ទាល់ទៅកាន់ខេត្តសៀមរាប ស្ថិតនៅក្នុងខេត្តសៀមរាប ដោយក្នុងនោះ ក៏មានរៀបចំនូវពិធីបង្ហោះគោមចំនួន ៥000 ទៀតផង។

លោក អៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានលើកឡើងថា Pouk Mak គឺជាកម្មវិធីមានកម្រិតដូចគ្នានឹងកម្មវិធីផ្ញើសារលំដាប់ពិភពលោក ប៉ុន្តែវាមានលក្ខណៈប្លែកគេ ពោលគឺបងប្អូនខ្មែរទាំងអស់ អាចផ្ញើសារជាភាសាខ្លួនឯងផ្ទាល់ ហើយថែមទាំងមានផ្តល់នូវការធានាថា ទិន្នន័យរបស់អ្នកគឺមានសុវត្ថិភាពបំផុត និងមិនត្រូវបានចែកចាយទៅកាន់ក្រៅប្រទេសនោះឡើយ។

លោកថា៖ “តាមរយៈ Pouk Mak នេះ យើងកំពុងជួយជម្រុញអក្ខរកម្ម និងសមត្ថភាពឌីជីថលនៅគ្រប់ឃុំ និងខេត្ត ក្រុង ទូទាំងប្រទេសកម្ពុជា ជូនដល់ពលរដ្ឋគ្រប់វ័យ ចាប់តាំងពីកុមាររហូតដល់មនុស្សចាស់ ពោលគឺផ្តល់ជូនពួកគេនូវសមត្ថភាពក្នុងការប្រើប្រាស់មធ្យោបាយទំនាក់ទំនងដែលឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ ជាមួយនឹងភាសារបស់ពួកគេផ្ទាល់តែម្តង”។

 លោកបានបន្ថែមថា ការប្រើប្រាស់បណ្តាញ និងកម្មវិធីដូចជា Pouk Mak ជាដើម គឺជាកត្តាដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់សែលកាត ក្នុងការបង្កើត និងបំពេញនូវជីវិតទាន់សម័យបែបឌីជីថលរបស់មនុស្សគ្រប់គ្នា ស្របពេលដែលប្រទេសកម្ពុជាយើង កំពុងត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មជំនាន់បន្ទាប់ (Next Industrial Revolution)៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner