ពលករ ម្នាក់ជាន់មីនរបួសដាច់ជើង ក្រោយលួចឆ្លងពីប្រទេសថៃមកកម្ពុជា តាមព្រៃភ្នំ, រាជរដ្ឋាភិបាលអំពាវនាវឱ្យពលករទាំងអស់ចូលកម្ពុជាតាមច្រកស្របច្បាប់ និងធ្វើចត្តាឡីស័ក

នៅវេលាម៉ោង៧ នឹង១០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១  បន្ទាប់ពីបានលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមតំបន់ព្រៃភ្នំ ជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចចេញពីការធ្វើ ចត្តាឡីស័ក ពលករខ្មែរម្នាក់ បានជាន់មីនរងរបួសធ្ងន់ដាច់ជើង។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចបានអះអាងថា ពលករខ្មែរម្នាក់នេះ មានឈ្មោះ យឿន រ៉ន អាយុ៣២ឆ្នាំ ជាប្រជាជនរស់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ រូបគេបានលួចឆ្លងដែនពីប្រទេសថៃចូលកម្ពុជា នៅក្នុងភូមិសាស្ត្រអូរលៀង ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជាន់មីនបណ្តាលឱ្យដាច់ជើងខាងស្តាំរបួសធ្ងន់ ហើយពេលនេះរូបគេត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត។

អាជ្ញាធរបានបញ្ជាក់ថា តំបន់ដែលពលករខាងលើឆ្លងដែននេះ ជាតំបន់គ្រោះថ្នាក់ ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកតាំងពីសម័យសង្គ្រាម មិនទាន់បោសសម្អាតអស់នៅឡើយ។

ពាក់ព័ន្ធនឹងករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលករទាំងអស់ ឱ្យបញ្ឈប់ការឆ្លងដែនតាមព្រៃភ្នំ ឬច្រកណាមួយដែលគ្រោះថ្នាក់ ហើយត្រូវចូលរួមសហការ ក្នុងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner