ស្ថានទូតអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា ប្រាប់អោយពលរដ្ឋខ្លួនប្រុងប្រយ័ត្ន និងព្រមានអំពីការចល័តទ័ព
អាមេរិក៖ ស្ថានទូតអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា នៅយប់ថ្ងៃអាទិត្យម្សិលមិញ បានប្រាប់អោយប្រជាពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្ន ខណៈព្រមានអំពីការចល័តកងទ័ព និងការកាត់ផ្តាច់ទូរគមនាគមន៍ដែលអាចនឹងកើតមានឡើងនៅក្នុងទីក្រុងយ៉ាងហ្គន ។
ការព្រមានខាងលើនេះបានកើតឡើងចំពេលមានសេចក្តីរាយការណ៍ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបាញ់បំបែកក្រុមអ្នកប្រឆាំងតវ៉ា នៅក្រៅរោងចក្រអគ្គិសនីមួយក្នុងរដ្ឋកាជីនភាគខាងជើង តែគេមិនដឹងថាតើការបាញ់នេះប្រើគ្រាប់ជ័រ ឬគ្រាប់កាំភ្លើងពិតនោះទេ ។
មនុស្សរាប់រយនាក់បានជួបជុំគ្នានៅថ្ងៃអាទិត្យម្សិលមិញ នៅក្រៅរោងចក្រថាម ពលមួយ ដែលទាហានកាន់កាប់នៅក្នុងទីក្រុងមីយីតគ្យីណា ។ នៅពេលព្រលប់ចូលមកដល់ ប៉ូលិសបង្ក្រាបបាតុកម្ម រួមជាមួយទាហានបានមកដល់ ដើម្បីបណ្តេញហ្វូងមនុស្ស ។ កងកម្លាំងសន្តិសុខបានបាញ់ទឹកលើហ្វូងមនុស្ស ហើយក៏មានការផ្ទុះអាវុធផងដែរ ៕ ប្រភព៖ AFP

