ទីផ្សារទិញលក់លំនៅដ្ឋានបែបឯកជននៅសិង្ហបុរីមានសន្ទុះវិញខ្លាំងកាលពីខែមករា

បរទេស៖ អ្នកវិភាគជាច្រើនរូបបានលើកឡើងនៅថ្ងៃចន្ទនេះថា ជាមួយនឹងសន្ទុះនៃតម្រូវការទីផ្សារលំនៅដ្ឋានបែបឯកជនចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡោះងវិញ ដែលជំរុញឱ្យឡើងថ្លៃសាជាថ្មីនោះក្រុមអ្នកទិញ និងឈ្មូញកណ្តាលជាច្រើនបាននាំគ្នាធ្វើការរួសរាន់ទិញយកផ្ទះបែបឯកជននៅក្នុងទីផ្សាររបស់ប្រទេសសិង្ហបុរី ហើយជាលទ្ធផលកាលពីខែមករាកន្លងទៅនេះអត្រានៃការលក់អចលនទ្រព្យមួយប្រភេទនេះត្រូវបានគេមើលឃើញថាមានទំហំកើនឡើងរហូតទៅដល់ 32 ភាគរយ។

ទិន្នន័យដែលត្រូវបានបង្ហាញដោយអជ្ញាធរជាតិគ្រប់គ្រងកិច្ចការងារអភិវឌ្ឍន៍ក្រុងរបស់សិង្ហបុរី ឬ URA នៅថ្ងៃ
ចន្ទនេះបានបង្ហាញថាចំនួនផ្ទះបែបឯកជន ឬលំនៅដ្ឋានដែលមិនមែនជារបស់សាធារណៈគឺមានចំនួនប្រមាណជា 1,609 ផ្ទះធៀបទៅនឹងតួលេខដែលធ្វើបានកាលពីខែធ្នូដែលមានត្រឹមតែ 1,217 ផ្ទះ។

តួលេខរបស់ URA ក៏បានបង្ហាញដែរថាលំនៅដ្ឋានបែបឯកជន 2,600 ត្រូវបានដាក់ប្រកាសលក់កាលពីក្នុងខែមករា ហើយក្នុងនោះលំនៅដ្ឋានដែលមានទីតាំងនៅតំបន់កណ្តាលក្រុង ឬ RCR មានប្រមាណជា 1,108 ផ្ទះ តួលេខផ្ទះដែលស្ថិតនៅតំបន់ក្បែរក្រុងឬ CCR និងជាយក្រុង OCR មានចំនួន 83 និង 418 រៀងខ្លួនត្រូវបានលក់ចេញ។ ប៉ុន្តែបើធៀបទៅនឹងតួលេខកាលពីខែមករាឆ្នាំ 2020 វិញការលក់លំនៅដ្ឋានឯកជនគឺមានអត្រាកើនឡើងដល់ទៅ 159.5 ភាគរយ។

លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៃក្រុមហ៊ុន OrangeTee បាននិយាយថា តួលេខនេះជាការបង្ហាញពីកំណើននៃការលក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ខែមករា ស្រដៀងគ្នាទៅនឹងឆ្នាំ2013 ដែលគ្រានោះការទិញលក់នៅសិង្ហបុរីធ្វើបានរហូតទៅដល់ 2,028 ផ្ទះ។

លោកស្រីបានបន្ថែមទៀតថា ក្រុមអ្នកទិញ និងឈ្មញកណ្តាលគឺសុទ្ធតែជាអ្នកដែលនឹងអាចទទួលបានផលប្រយោជន៍ពីការទិញលំនៅដ្ឋាននៅក្នុងពេលនេះ ពីព្រោះថាមិនយូរមិនឆាប់ពេកនោះទេតម្លៃផ្ទះទាំងនោះនឹងមានការកើនឡើងខ្លាំងវិញជាមិនខាន ខណៈដែលសេដ្ឋកិច្ចគឺត្រូវបានគេមើលឃើញថាចាប់ផ្តើមមានដំណើរការឡើងវិញ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner