ចិនវ៉ាដាច់អាមេរិកក្លាយជាដៃគូពាណិជ្ជធំបំផុតរបស់អឺរ៉ុប
ប្រ៊ូសែល ៖ យោងតាមទិន្នន័យថ្មីដែលបានដាក់បង្ហាញដោយភ្នាក់ងារស្រាវជ្រាវតួលេខរបស់អឺរ៉ុប Eurostat
កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះបានឱ្យដឹងថា កាលពីឆ្នាំ 2020 ប្រទេសចិនបាននាំមុខទៅលើសហរដ្ឋអាមេរិក
ដើម្បីក្លាយខ្លួនទៅជាដៃគូពាណិជ្ជធំជាងគេបំផុតជាមួយនឹងប្លុកអឺរ៉ុប។
ទិន្នន័យដដែលបានបញ្ជាក់ដែរថា ចក្រភពអង់គ្លេសដែលជាសមាជិកទើបបានសម្រេចចិត្តចាកចេញពីសហភាព
អឺរ៉ុបនោះគឺបានជាប់ឈ្មោះជាប្រទេសទី 3 ដែលមានពាណិជ្ជកម្មច្រើនជាងគេបំផុតជាមួយនឹងអឺរ៉ុបឈរបន្ទាប់ពីចិន និងអាមេរិកផងដែរ។
អ្វីដែលយើងអាចមើលឃើញជាក់ស្តែងនោះគឺថាភាពលេចធ្លោបំផុតរបស់ប្រទេសចិនបានកើតឡើងបន្ទាប់ពីវាបានទទួលរងពីបញ្ហានៃការរាតត្បាតដោយវីរុសកូវីដក្នុងអំឡុងពេលត្រីមាសទី១ ប៉ុន្តែក្រោយមកបានងើបឡើងវិញយ៉ាងឆាប់រហ័ស ជាពិសេសក្នុងចំនួនដ៏លើសលប់នៅពេលវេលានៅចុងឆ្នាំ2020 ។
រយៈពេលប៉ុន្មានខែចុងក្រោយបានជួយឲ្យទំហំនៃការលក់ផលិតផលរបស់អឺរ៉ុបទៅកាន់ទីផ្សារចិនមានការកើនឡើងយ៉ាងខ្លាំងជាពិសេសផលិតដូចជារថយន្ត និងទំនិញប្រណីតខណៈដែលការនាំចេញពីចិនវិញបានជួយឲ្យអឺរ៉ុបមានភាពធូរស្រាលយ៉ាងខ្លាំងផ្នែកការងារប្រយុទ្ធប្រឆាំងកូវីដតាមរយៈផលិតផលឧបករណ៍ពេទ្យ និងគ្រឿងប្រើប្រាស់អេឡិចត្រូនិកផងដែរ។
Eurostat បាននិយាយថាទំហំពាណិជ្ជកម្មរវាងចិន និងអឺរ៉ុបបានកើនឡើងទៅដល់ 586 ពាន់លានអឺរ៉ូ ឬប្រមាណជា 711 ពាន់លានដុល្លារខណៈដែលទំហំពាណិជ្ជកម្មជាមួយនឹងអាមេរិកមាន 555 ពាន់លានអឺរ៉ូ ឬប្រមាណជា 673 ពាន់លានដុល្លារកាលពីឆ្នាំ2020។
សម្រាប់ ទំហំនៃការនាំចេញរបស់អឺរ៉ុបបានកើនឡើង 2.2 ភាគរយ ឬប្រមាណជា 202.5 ពាន់លានអឺរ៉ូ ខណៈដែលការនាំចេញរបស់ចិនចូលទៅអឺរ៉ុបវិញមានការកើនឡើង 5.6 ភាគរយត្រូវជា 383.5 ពាន់លានអឺរ៉ូ។ ដោយឡែកការនាំចេញរបស់អឺរ៉ុបទៅទីផ្សារអាមេរិកបានធ្លាក់ចុះដល់ទៅ 13.2 ភាគរយក្នុងពេលដូចគ្នា ហើយការនាំចូលពីអឺរ៉ុបវិញក៏ធ្លាក់ចុះ 8.2 ភាគរយផងដែរ៕