អ្នកប្រកបមុខរបរលក់ផ្កាក្នុងរដូវបុណ្យចូលឆ្នាំចិន-វៀតណាមនៅឆ្នាំនេះទទួលបានផលចំណេញតិច
ភ្នំពេញ ៖ នៅមុនពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម តាមបណ្តាទីតាំងលក់ផ្កាមួយចំនួនក្នុងរាជធានីភ្នំពេញត្រូវបានគេសងេ្កតឃើញមានការដាក់តាំងលក់ផ្កាអង្គាសីល ផ្កាស្បៃរឿង ដើមក្រូចឃ្វិចជាដើម ដែលជាតម្រូវការរបស់អ្នកមានជំនឿ ទិញយកទៅតាំងលម្អគេហដ្ឋាន ដើម្បីទទួលទេវតាឆ្នាំថ្មីតាមទំនៀមទម្លាប់របស់ពួកគេឱ្យមានសិរីសួស្តី លើករាសី រកទទួលទានមានបានជាដើម ។
តើអ្នកលក់ដើមផ្កាលើករាសីទាំងនេះមានភាពរីកចម្រើន និងទទួលបានផលចំណេញពីដើមផ្កាទាំងនេះក្នុងទំហំប៉ុណ្ណាបន្ទាប់ពីបញ្ចប់រដូវបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១កន្លងទៅនេះ?
នៅក្នុងឆ្នាំនេះ សម្រាប់អ្នកប្រកបមុខរបរ ក៏ដូចជាអាជីវកម្មផ្សេងៗពាក់ព័ន្ធទៅនឹងពិធីបុណ្យចូលឆ្នាំចិន- វៀតណាម ដែលជាតម្រូវការនៅក្នុងពិធីសែនព្រេនរួមមានដូចជា ដើមផ្កាអង្គាសីល ដើមក្រូចឃ្វិច ឬផ្កាស្បៃរឿង បានឱ្យដឹងប្រហាក់ប្រហែលគ្នាថា ការលក់ឆ្នាំនេះមិនសូវជាមានអ្នកទិញច្រើនទេហើយប្រាក់ចំណេញក៏មិនសូវទទួលបានច្រើនដែរ ដែលខុសប្លែកកាលពីឆ្នាំ 2019-2020។

លោក ម៉េង ស្រ៊ុន ជាអាជីវករលក់ដើមផ្កាគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវជាតិ6A បានប្រាប់ AMS ថា គាត់លក់ដើមផ្កាសម្រាប់រដូវចូលឆ្នាំចិន-វៀតណាមនេះ 20 ឆ្នាំមកហើយ។ ដោយឡែក សម្រាប់ឆ្នាំនេះ លោកលក់បានគ្រាន់បើដែរ តែមិនចំណេញច្រើននោះទេ ដោយសារតែមិនសូវមានអ្នកទិញ នឹងមានអ្នកលក់ច្រើន។
លោក ស៊្រុន បានមានប្រសាសន៍បញ្ជាក់ថា ៖« ការលក់ដំបូងមានអ្នកជាវច្រើន តម្លៃលក់ប្រហាក់ប្រហែលគ្នា ប៉ុន្តែនៅពេលកៀកថ្ងៃយើងអាចលក់បញ្ចុះតម្លៃ ដូចជាផ្កាអង្គាសីល1ផើងតម្លៃ150 ដុល្លារយើងចុះមក 85 ដុល្លារ ឬ 50-60 ដុល្លារ ជាដើម។ តែទោះជាយ៉ាងណា នៅតែចំណេញតិចតួច»។

លោកថា ភាគច្រើនតម្លៃក្រូចឃ្វិច 1 ផើងអាចមានតម្លៃ 80, 50, 20 ឬ15 ដុល្លារ អាស្រ័យផើងតូច ឬផើងធំ ឯផ្កាអង្គាសីលមួយផើងតម្លៃចាប់ពី 150 ដល់ 200 ដុល្លារ តែបើលក់ជាមែក តម្លៃចាប់ពីលក់ក្នុងដើមតូចថ្លៃពី2ម៉ឺនរៀលឡើងទៅ ដើមខ្លះធំល្មមលក់បានពី20ដុល្លារទៅ30ដុល្លារ ក្នុង1ដើមអាស្រ័យទៅលើដើមផ្កាច្រើន មានដើមខ្លះធំអាចលក់បានជាង100ដុល្លារ ហើយសម្រាប់ផ្កាស្បៃរឿង តម្លៃមួយផើង ត្រឹមតែ 6, 000 ទៅ 8, 000 រៀលប៉ុណ្ណោះ។
លោកស្រី អ៊ាវ ចិន្តា ជាអាជីវករលក់ដើមផ្តល់សំណាង ឬដើមហុងស៊ុយនៅម្ដុំវត្តទឹកថ្លាបានប្រាប់ AMS ដែរថា គាត់លក់ដើមផ្កាទាំងនេះរៀងរាល់រដូវចូលឆ្នាំចិន វៀតណាម ជាងដប់ឆ្នាំកន្លងមកដែរ។ គាត់បានបញ្ជាក់ថា ឆ្នាំនេះគាត់ដាក់ដើមទុន 2 ម៉ឺនដុល្លារ ប៉ុន្តែការចំណេញត្រឡប់មកវិញមិនបានច្រើនទេបើធៀបទៅឆ្នាំមុនៗ។

លោកស្រីបានបញ្ជាក់ថា ៖«យើងមិនអាចយកដើមផ្កានៅសល់ទៅកាត់កងភាគរយពីនរណាបានទេ។ តែទិញហើយ នៅសល់ប៉ុន្មានគឺខាតសម្រាប់យើង ព្រោះថាដើមក្រូចឃ្វិច ដើមផ្កាស្បៃរឿង និងផ្កាអង្គាសីល ដែលរៀបដាក់ផើង ត្រូវនាំចូលពីប្រទេសវៀតណាម ដែលគេធ្វើសម្រាប់រដូវសែនចូលឆ្នាំចិននេះតែម្ដង។ ខ្ញុំលក់ដំបូងបានថ្លៃ បន្ទាប់មកយើងចុះថ្លៃខ្លះ ដូច្នះមិនខាតទេ តែក៏មិនចំណេញច្រើនដែរ»៕