ថ្នាក់ដឹកនាំនិងបុគ្គលិកអ្នកយកព័ត៌មាននៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ចូលរួមដោយស្ម័គ្រចិត្តចាក់វាំងសាំងការពារជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យកុមារជាតិ
ភ្នំពេញ ៖ លោកខ្វៃ អាទិត្យា អគ្គនាយកស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំបុគ្គលិកនិងអ្នកយកព័ត៌មាន ចូលរួមដោយស្ម័គ្រចិត្តចាក់វាំងសាំងការពារជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។
ក្នុងឱកាសដឹកនាំបុគ្គលិកស្ម័គ្រចិត្តទៅទទួលវ៉ាក់សាំងនាពេលនេះ លោកខ្វៃ អាទិត្យា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អាទិភាពដល់ក្រុមអ្នកសារព័ត៌មាន ក្នុងការទទួលបានវ៉ាក់សាំងការពារជម្ងឺកូវីដ១៩លើកដំបូងនៅកម្ពុជា។ លោកអគ្គនាយក បានបញ្ជាក់បន្ថែមថា នេះជាការគិតគូរខ្ពស់របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាពប្រជាជន ពិសេសបន្ទាប់ពីថ្នាក់ដឹកនាំកម្ពុជា កងទ័ព និងបុគ្គលិកសុខាភិបាល អ្នកសារព័ត៌មានក៏ជាជម្រើសអាទិភាពមួយក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដំបូងគេនៅកម្ពុជា។
ជាមួយគ្នានេះ លោកអគ្គនាយក បានថ្លែងអំណរគុណផងដែរដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបានសំណូមពរឱ្យប្រជាពលរដ្ឋមានការគិតគូរយកចិត្តទុកដាក់លើវិធានការការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយសង្គមកម្ពុជាមានសុខភាពល្អ មានការអភិវឌ្ឍជឿនលឿន និងការពារកុំឱ្យមានការឆ្លងជំងឺកូវីដ១៩។
នៅក្នុងឱកាសនោះ លោក ញឹប អង្គារ៍បុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ថា សូមអ្នកទទួលការចាក់វ៉ាក់សាំងទាំងអស់កុំមានការព្រួយបារម្ភ ព្រោះថាខាងក្រុមគ្រូពេទ្យយើង មុននឹងទទួលការចាក់គឺមានការពិនិត្យសុខភាព និងសួរនាំពីប្រវត្តិនិងជម្ងឺយ៉ាងច្បាស់លាស់ជាមុខ ដើម្បីជៀសវាងមានបញ្ហាមិនប្រក្រតីមួយកើតមានឡើង ហើយរហូតមកដល់ពេលនេះមិនទាន់មានអ្នកមកទទួលវ៉ាក់សាំង ដោយស្ម័គ្រចិត្តណាម្នាក់មានបញ្ហានោះទេ។
លោក ញឹប អង្គារ៍បុស្ស បានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកមកចុះឈ្មោះចាក់វ៉ាក់ការពារជម្ងឺកូវីដ១៩ មានចំនួន៥៦២នាក់ ទាំងបុគ្គលិកពេទ្យនិងអ្នកសារព័ត៌មាន ក្នុងនោះស្រី១៤៨នាក់ អ្នកដែលអាចចាក់វាក់សាំងបានមានចំនួន៣៩៥នាក់ ស្រី១៤១នាក់។ ក្នុងចំណោមអ្នកស្មគ្រចិត្តទទួលការចាក់វ៉ាក់សាំងចំនួន ៥៦១នាក់ មានអ្នកសារព័ត៌មានចំនួន១៨០នាក់ ស្រី៤៦នាក់។ លោកប្រធានមន្ទីរពេទ្យ បានបញ្ជាក់ដែរថាមន្ទីរពេទ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ទទួលផ្តល់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ជូនបុគ្គលិកសុខាភិបាល និងអ្នកសារព័ត៌មាន រៀងរាល់ថ្ងៃ តាមពេលវេលា និងថ្ងៃធ្វើការ៕ ដោយ / គ្រី សម្បត្តិ








