ប្រាសាទកណ្តាលស្រះស្រង់ គ្រោងនឹងបើកឱ្យភ្ញៀវ​ទេសចរ ចូលទស្សនា នាសប្តាហ៍ក្រោយ

សៀមរាប៖ ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ ក្រោមកិច្ចសហការ​របស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។

ពិធីសម្ពោធនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្រោយបញ្ចប់កិច្ចពិធីសាសនា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់អាចចូលទស្សនាទិដ្ឋភាព​ប្រាសាទកណ្តាលស្រះស្រង់ ដើម្បីផ្តិតយករូបភាព ស្វែងយល់ពីប្រវត្តិ និងសិល្បៈនៃប្រាសាទនេះដោយរីករាយ។ បើតាមមន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងផងដែរថា ប្រាសាទកណ្តាលស្រះស្រង់នោះបានដំណើរការសាងសង់ ដោយក្រុមជំនាញសហការជាមួយអាជ្ញាធរអប្សរាដើម្បីស្ថាបនាឡើងវិញតាមទ្រង់ទ្រាយដើមសម័យបុរាណកាលមក​។

លោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងក្រុមការងារដែលជាអ្នកវិនិយោគ​ទុនក្នុងវិស័យ​ឯកជន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំពិធីក្រុងពាលីដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិ ដែលថែរក្សា​តំបន់អង្គរ ក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យរួចផុតពីហា​និភ័យទុកជាកេរតំណែល​សម្រាប់កូនចៅ​ជំនាន់ក្រោយ។ នេះជាការគិតគូរដល់វិស័យបេតិកភណ្ឌដែលកំពុងត្រូវការ​ការរួមចំណែកពីសប្បុរសជនគ្រប់ទិសទី​ដើម្បីជួសជុលមរតកវប្បធម៌ជាតិ​ជាមួយស្ថាប័នរដ្ឋទាំងសំណង់បុរាណ និងការដាំកូនឈើ ដើម្បីលើកកម្ពស់ភាពបៃតង​ក្នុងតំបន់អង្គរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ធ្លាប់បានឧទ្ទិសបួងសួងសុំម្ចាស់ទឹកម្ចាស់ដី​ជួយ គាំទ្រចំពោះការសាងសង់ប្រាសាទនេះឲ្យដំណើរការសាងសង់​បានដោយរលូនជោគជ័យតាមការគ្រោងទុក និងសុំវត្ថុសក្តិសិទ្ធិក្នុងលោកពិសេសបារមីថែរក្សាប្រាសាទអង្គវត្តទាំងមូលជួយបីបាច់ថែរក្សារប្រមុខដឹកនាំប្រទេសកម្ពុជាដែលមាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទាំងប្រទេសទទួលបាននូវសេចក្តីសុខសប្បាយក្រោមម្លប់សន្តិភាពតេជោសែន ។

សូមបញ្ជាក់ថា ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១២ ជាតំណាង​ឱ្យភ្នំព្រះសុមេរុ​។ ប្រាសាទនេះរងការបាក់បែកជាខ្លាំងដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្រ្ត សំណង់​ប្រាសាទ និងទេសភាពវប្បធម៌ នៃស្រះស្រង់ឡើងវិញនោះ អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនបានរួមដៃគ្នា​ជួសជុលប្រាសាទនេះឡើង​វិញ​រហូតរួចរាល់ជាស្ថាពរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner