អារ៉ាប៊ីសាអូឌីតប្រើយុទ្ធសាស្ត្រមួយក្បាច់នេះសង្ឃឹមបង្កើនការងារច្រើនជូនពលរដ្ឋរបស់ខ្លួន

Riyadh ៖ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះបានធ្វើការសេចក្តីប្រកាសមួយដែលមានគោលបំណងក្នុងការដាក់សំពាធទៅដល់ក្រុមហ៊ុនបរទេសទាំងឡាយដែលមានប្រតិបត្តិការនៅក្នុងប្រទេសរបស់ខ្លួននោះក្នុងការផ្លាស់យកការិយាល័យកណ្តាលទាំងអស់មកតាំងនៅក្នុងព្រះរាជាណាចក្រនេះជំនួសវិញឲ្យបានមុនឆ្នាំ 2024។

ឱសានវាទនេះត្រូវបានអ្នកជំនាញមើលឃើញថានឹងធ្វើឲ្យការប្រកួតប្រជែងគ្នានៅក្នុងប្រភេទអាជីវកម្មនិងមូលធនបរទេសកាន់តែមានភាពខ្លាំងក្លាឡើងរវាងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតជាមួយនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រ Gulf ជាមិនខាន ជាពិសេសប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហភាពអារ៉ាប់រួមខណៈដែលខ្លួនក៏កំពុងតែព្យាយាមងើបចេញពីសេដ្ឋកិច្ចដែលរងការវាយប្រហារដោយសារកូវីដនាពេលកន្លងមកផងនោះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saudi Press Agency (SPA) បានរាយការណ៍ថា ៖ អារ៉ាប៊ីសាអូឌីតនឹងលប់ចោលនូវកុងត្រាជាមួយនឹងក្រុមហ៊ុនអង្គភាពវិទ្យាស្ថានពាណិជ្ជកម្មទាំងអស់ដែលកំពុងប្រតិបត្តិការជាមួយនឹងខ្លួនប៉ុន្តែមានការិយាល័យកណ្តាលនៅក្នុងប្រទេសក្នុងតំបន់ក្រៅពីប្រទេសរបស់ខ្លួនហើយសេចក្តីប្រកាសនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2024។

ប្រភពដដែលបានសរសេរទៀតថាការសម្រេចចិត្តបានធ្វើឡើងក្នុងគោលបំណងធំគឺដើម្បីអាចបង្កើតការងារកាន់តែច្រើនជូនពលរដ្ឋរបស់ខ្លួនផង និងជួសជុលសេដ្ឋកិច្ចដែលបានខូចខាតឡើងវិញផងព្រមទាំងបង្កើនប្រសិទ្ធភាពនៃការចាយវាយនិងភាពធានាជូនអាជីវកម្មទាំងនោះផងដោយធ្វើយ៉ាងណាឲ្យអាចផលិតផលសំខាន់ព្រមទាំងសេវាកម្មទាំងនោះនឹងត្រូវបិទស្លាកដែលធ្វើចេញពីអារ៉ាប៊ីសាអូឌីត។

គួរឲ្យដឹងដែរថាអារ៉ាប៊ីសាអូឌីតគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងតំបន់អារ៉ាប់ទាំងមូលហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងភាពតានតឹងបន្តិចសម្រាប់ការទាក់ទាញវិនិយោគបរទេសដែលកន្លងមកព្រះអង្គម្ចាស់ Mohammed bin Salman ធ្លាប់បញ្ជាក់ថាគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងគ្រោងការអនុវត្តសេដ្ឋកិច្ចបែបចម្រុះនៅក្នុងប្រទេសដោយមិនពឹងផ្អែកទៅលើរ៉ែប្រេងឲ្យបាននៅត្រឹមឆ្នាំ 2030៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner