សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ជូនដំណឹងឲ្យកីឡាក កីឡាការិនីត្រៀមចូលរួមការប្រកួតកីឡាវាយកូនគោលយុវជនក្រោមអាយុ២០ឆ្នាំ លើកទី៤



សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានជូនដំណឹង ស្តីពីការរៀបចំការប្រកួតកីឡាវាយកូនគោលពានរង្វាន់យុវជន លើកទី៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ នៅទីលានកីឡាវាយកូនគោល ស៊ី ធី ហ្គោល ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជាធានីភ្នំពេញ ។

ឯកឧត្តម ស៊ឹម សូយុង អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានឲ្យដឹងថា ការប្រកួតពានយុវជន លើកទី៤នេះ កីឡាករ កីឡាការិនីដែលមានសិទ្ធិចូលរួមប្រកួតបាន គឺមានអាយុចន្លោះពី១៤ ដល់ ២០ឆ្នាំ ។ សម្រាប់កីឡាករ កីឡាការិនី ដែលចុះឈ្មោះប្រកួតត្រូវបង់ម្នាក់៤០ដុល្លារអាមេរិក ទទួលបានអាវ១ និងមួកមួយ ហើយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងរៀបចំទទួលអាហារថ្ងៃត្រង់ និងភេសជ្ជៈជូន ។

ឯកឧត្តម អគ្គលេខារងខាងលើ បញ្ជាក់ទៀតថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់ខាងលើនេះ សហព័ន្ធរៀបចំចំនួន៣លើករួចមកហើយ ដើម្បីផ្តល់ឱកាសឲ្យយុវជនវ័យបានប្រកួតប្រជែងកាន់តែច្រើន ជាពិសេសយុវជនមកពីបណ្តាក្លិបផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្តែងការរៀបចំ៣លើកកន្លងមក សហព័ន្ធសង្កេតឃើញថា យុវជនដែលចូលរួមប្រកួត ទាំងយុវជនសហព័ន្ធ និងយុវជនមកពីបណ្តាក្លិបនានា គឺមានការរីកចំរើនគួកត់សម្គាល់ ។

ឯកឧត្តម អះអាងទៀតថា ការយកចិត្តទុកដាក់របស់សហព័ន្ធ រៀបចំអោយមានការប្រកួតរាល់៣ខែម្តងនេះ គឺយើងធ្វើឡើង ដើម្បីប្រកួតដកស្រង់បទពិសោធន៍ និងបច្ចេកទេស អោយយុវជនទាំងអស់បានអភិវឌ្ឍខ្លួនក្លាយជាកីឡាករ កីឡាការិនីឆ្នើម សម្រាប់កម្ពុជានាពេលអនាគត ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់យុវជន លើកទី៤នេះ កីឡាករ កីឡាការិនីត្រូវដើរចំនួនពីរជុំទើបសរុបពិន្ទុ ហើយកីឡាករ កីឡាការិនីដែលទទួលបាន Gross Score ជ័យលាភីលេខ១ លេខ២ និងលេខ៣ ទទួលបានពាន១ និងរង្វាន់លើកទឹកចិត្ត ។ចំណែកេរង្វាន់ Hole In One នៅទីឡូ៥ ឡូទី៨ និងឡូទី៩ ទីលានស៊ី ធី ហ្គោល ឧបត្ថម្ភទឹកប្រាក់៥០០ដុល្លារ អាមេរិកបន្ថែមទៀត ៕
