មេដឹកនាំសហរដ្ឋអាមេរិក និងអ៊ីស្រាអែលធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទជាលើកដំបូង ដែលផ្តោតលើសារៈសំខាន់មួយចំនួន
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូងជានាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅថ្ងៃពុធម្សិលមិញ ។
នេះជាការហៅទូរស័ព្ទលើកដំបូងរបស់លោក បៃដិន ទៅកាន់មេដឹកនាំនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីរូបលោកបានចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ដើម្បីបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង អ៊ីស្រាអែលដែលមានភាពរឹងមាំអស់រយៈពេលជាច្រើនទសវត្សមកហើយ ។ បើតាមសេតវិមាននោះ លោក បៃដិន និងលោក ណឺតាន់យ៉ាហ៊ូ បានពិភាក្សាអំពីសារៈសំខាន់នៃការបន្តពិគ្រោះយោបល់យ៉ាងជិតស្និទ្ធលើបញ្ហាសន្តិសុខក្នុងតំបន់ និង អ៊ីរ៉ង់ ក៏ដូចជាសារៈសំខាន់នៃការធ្វើការ ដើម្បីជំរុញសន្តិភាពនៅទូទាំងតំបន់រួមទាំងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។
បើតាមការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បៃដិន បានសរសើរលោក ណឺតាន់យ៉ាហ៊ូ ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងថា មេដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរគំនិតគ្នា ស្តីពីមធ្យោបាយនានាដើម្បីដោះស្រាយជាមួយនឹងជំងឺរាតត្បាតនេះផងដែរ ៕ ប្រភព៖ Reuters

