កីឡាករ ពៅ ពេជ្រមេត្តា បង្ហាញក្តីសង្ឈឹមខ្លាំងថា ស៊ីហ្គេម នៅវៀតណាម និងនាំយកលទ្ធផលល្អមកជូនកម្ពុជា

កីឡាករវាយកូនគោល ពៅ ពេជ្រមេត្តា ដែលទើបតែប្រជែងបានតំណែងជើង ឯកការប្រកួត ជ្រើសរើសកីឡាករវាយកូនគោលជម្រើសជាតិ ត្រៀមស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេស វៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្ហាញទំនុកចិត្តខ្លាំង ជឿជាក់លើ សមត្ថភាពខ្លួនថា និងមានលទ្ធភាពប្រជែងបានលទ្ធផលល្អ បានពីព្រឹត្តិការណ៍ ស៊ីហ្គេម នៅចុងឆ្នាំ ២០២១នេះ ។


ពៅ ពេជ្រមេត្តា អះអាងថា ស៊ីហ្គេម នៅវៀតណាមលើកនេះ ខ្ញុំ និងអត្តពលិកកម្ពុជាផ្សេងទៀត បានត្រៀមខ្លួនយ៉ាងល្អ ក្រោយពីទទួលបានការបណ្តុះបណ្តាលពីគ្រូបរទេស ដែលមានបទពិសោធន៍ខ្ពស់ ធ្វើឲ្យេពួកយើងមានការអភិវឌ្ឍសមត្ថភាពរីកចំរើនខ្លាំង ។ ពេជ្រមេត្តា រំពឹងជឿជាក់ថា តាមរយៈការខិតខំហ្វឹកហាត់ និងបទពិសោធន៍ធ្លាប់ចូលរួម ស៊ីហ្គេម ២លើកកន្លងមក ។ ដូច្នេះសម្រាប់ការប្រជែងលើកទី៣ នៅវៀតណាមខាងមុខនេះ រូបគេសង្ឃឹមថា នឹងអាចដណ្តើមបានលទ្ធផលល្អមកជូនកម្ពុជា ជាក់ជាមិនខាន ។



សូមបញ្ជាក់ថា ពៅ ពេជ្រមេត្តា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ៩នាក់ ដែលសហព័ន្ធកីឡាវាយកូនហ្គូល បានជ្រើសរើស ពីការប្រកួតកីឡាករជម្រើសជាតិ ឆ្នាំ២០២១ និងឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ ។

គួរបញ្ជាក់ថា ឯ ឧ ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គូលកម្ពុជា បានបញ្ជាក់ថា ក្រៅពីកីឡាករ ពៅ ពេជ្រមេត្តា កីឡាករ៨រូបផ្សេងទៀត រួមមានកីឡាករ អុឹម រាហ៊ុល ថោង សុខាមុន្នី សេង វ៉ាន់សីហា ឡេង តូ ស៊ឹម សូយ៉ុង ម៉ុន សុខជា ស៊ឹម សេងហាក់ និងកីឡាករ នូ អេលីដែត ក៏ត្រូវបានសហព័ន្ធអនុញ្ញាតិអោយហ្វឹកហាត់ជាមួយគ្នា ដើម្បីត្រៀមស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២១ និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ៕
