ក្រុមប្រឆាំងនឹងរដ្ឋប្រហារបង្ហាញការស្វាគមន៍ ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់ចក្រភពអង់គ្លេស និងកាណាដាលើរបបយោធាមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ ក្រុមប្រឆាំងនឹងរដ្ឋប្រហារយោធាបានបង្ហាញការស្វាគមន៍ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់ចក្រភពអង់គ្លេស និងកាណាដានៅថ្ងៃសុក្រនេះ ចំពេលដែលក្រុមបាតុករបានត្រៀមធ្វើដំណើរតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មប្រចាំថ្ងៃដែលមានរយៈពេល២សប្តាហ៍មកហើយក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។
អង់គ្លេសបានដាក់ចេញនូវការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរលើឧត្តមសេនីយ៍ចំនួន០៣រូបនៅក្នុងរបបយោធាមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងការរំលោភសិទ្ធិមនុស្ស ។ ទណ្ឌកម្មនេះនឹងដាក់លើរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ មីយ៉ា ទុនអ៊ូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ាលោក សូ ធូត និងអនុរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក ថន ហ្លាំង ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូមីនិក រ៉ាអាប និយាយថា អង់គ្លេសថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារយោធា និងការឃុំខ្លួនលោកស្រី អោងសាន ស៊ូជី និងឥស្សរជននយោបាយដទៃទៀតតាមទំនើងចិត្ត ។ លោកបន្ថែមថា យើងរួមជាមួយសម្ព័ន្ធមិត្តអន្តរជាតិរបស់យើង នឹងចាប់យោធាមីយ៉ាន់ម៉ាឱ្យទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សរបស់ពួកគេ និងស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ។ សកម្មភាពកាលពីថ្ងៃព្រហស្បតិ៍ដោយចក្រភពអង់គ្លេសគឺធ្វើឡើងស្របគ្នាជាមួយកាណាដា ដែលបានប្រកាសវិធានការប្រឆាំងនឹងរបបយោធាផងដែរ ៕ ប្រភព៖ Reuters


