អភិបាលរងខេត្តស្ទឹងត្រែង បានក្រើនរំលឹក ដល់មន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំង អស់សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ជា ថាវរិទ្ធិ អភិបាលរងខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការគ្រប់ស្ថាប័ន សូមឲ្យមានការសហការគ្នា ក្នុងការបង្ការ និងពន្លត់អគ្គីភ័យឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ប្រសាសន៍បែបនេះ ឯកឧត្តមបានថ្លែងនៅក្នុងពិធីទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ នាឱកាសព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២១ នៅបរិវេណមុខរដ្ឋបាលខេត្តស្ទឹងត្រែង ។

ឯកឧត្តម ជា ថាវរិទ្ធិ មានប្រសាសន៍ថា  ប្រជាពលរដ្ឋយើង ពិតជានៅចាំពុំភ្លេចឡើយ នូវសុភាសិតខ្មែរដែលបានចែងថា(ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ) ដែលជាហេតុធ្វើឲ្យវិនាសមហន្តរាយធ្ងន់ធ្ងរ សម្រាប់គ្រួសារ និងសង្គមជាតិ ។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា   កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដោយគតិ្តបណ្ឌិតប៉ិនប្រសព្វរបស់សម្តេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ។  ទន្ទឹមនោះប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរជាប្រចាំចំពោះកិច្ចការសង្គមជាតិទាំងមូល រួមទាំងការបង្ការ និងពន្លត់អគ្គីភ័យ ព្រមទាំងការដាក់ចេញនូវវិធានការនានា ដើម្បីក្រើនរំលឹកដាស់តឿនសតិអារម្មណ៍អប់រំការយល់ដឹងអំពីវិធានការ ដែលបណ្តាលមកពីគ្រោះមហន្តរាយអគ្គីភ័យ ។ ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែងករណីអគ្គីភ័យ នៅតែកើតមានឡើងជាបន្តបន្ទាប់ ចាំបាច់ជំនាញ និងអង្គភាពដែលពាក់ព័ន្ធត្រូវបង្កើតការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ និងលិខិតបទដ្ឋានគតិយុទ្ធនានា ព្រមទាំងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីវិធានការបច្ចេកទេសបង្ការ និងពន្លត់អគ្គីភ័យនៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹបកម្សាន្ត តាមទីផ្សារនិងអាជីវកម្មនានាដោយត្រូវបំពាក់ឲ្យមានប្រព័ន្ធសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ។

ឯកឧត្តមបានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្រុង.ស្រុក.ឃុំ.សង្កាត់ ប្រជាពលរដ្ឋ សាលារៀន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន និងតាមទីផ្សារលក់ដូរ ក៏ដូចជាកន្លែងផ្សេងៗទៀតត្រូវរួមគ្នាអនុវត្តឲ្យបានពីវិធីនូវការបង្ការ និងពន្លត់អគ្គីភ័យឲ្យមានប្រសិទ្ធភាព និងល្អប្រសើរ ។

លោកឧត្តមសេនីយ៍ត្រី ចាន់ សុផា ស្នងការរង និងជាប្រធានអង្គភាពគ្រប់គ្រងអាវុធជាតិផ្ទុះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ៖ការរៀបចំទិវាបង្ការ និងពន្លត់អគ្គីភ័យ គឺជា ព្រឹត្តិ ការណ៍មួយដ៏មានសារ:សំខាន់ក្រៃលែង ដែលបានបញ្ជាក់ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង អំពីការ ខិតខំ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការពន្លត់អគ្គីភ័យ ក្នុង ការងារ បង្ការនូវមហន្តរាយដែលបង្ករឡើងដោយអគ្គីភ័យ ការការពារ និងសង្រ្គោះអាយុជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណ: រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា  រថយន្តសម្រាប់បង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មានចំនួន៦គ្រឿង ក្នុងនោះសម្រាប់ប្រចាំការនៅស្នងការដ្ឋានចំនួន២គ្រឿង និងនៅតាមបណ្តា ស្រុកចំនួន៤គ្រឿងទៀតផងដែរ ៕ដោយ៖ដេង ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner