រដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន បានជម្រុញឲ្យអង្គភាពស្ថាបនាផ្លូវ និងលូរ ក្នុងគម្រោងផ្លូវ៣៨នៅក្នុងក្រុងសៀមរាប អនុវត្តឱ្យបានត្រឹមត្រូវតាមបច្ចេកទេស

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន នៅថ្ងៃទី២២     ខែកុម្ភះ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនា     សម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប  ដោយបានផ្តោត សំខាន់ទៅលើការពិនិត្យលើប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកកខ្វក់និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់ការដ្ឋាន។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើនរំលឹកឲ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏ដូចជាដើម្បីពិនិត្យគុណភាពនៃការសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង ក្នុងការកាត់បន្ថយភាពខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ពេលវេលាផងដែរ ។  គម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨គីឡូម៉ែត្រ៧៤ម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨ខ្សែនេះ ដោយចំណាយពេលសាងសង់រយៈពេល១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ។ 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន ពីវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុង-ខេត្តសៀមរាប គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន១៨%ហើយ ។ ជាមួយគ្នានេះឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សុំមានការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ចំពោះការរំខាន និងផលប៉ះពាល់ដោយសារដំណើរការការដ្ឋានសាងសង់ និងចូលរួមសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស ដើម្បីឲ្យដំណើរការគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនេះអនុវត្តទៅដោយរលូន និងអាចប្រែក្លាយទីក្រុងសៀមរាបទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ លើកកម្ពស់សោភ័ណភាពក្រុងឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍​ប្រវត្តិសាស្ត្រផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner