ត្រឹមរយៈពេល២ថ្ងៃ មនុស្សចំនួន៧០៩នាក់ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅខេត្តកណ្ដាល , អភិបាលខេត្ត បានបញ្ជាជំនាញ បន្ដស្វែងរក អ្នកពាក់ព័ន្ធឲ្យអស់
ត្រឹមរយៈពេល២ថ្ងៃ ពោលគឺមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នំា២០២១ មានមនុស្សចំនួន៧០៩នាក់ ដែលជាប់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កតាមមណ្ឌលនានានៅទូទាំងខេត្តកណ្ដាល ខណៈដែលមនុស្សម្នាក់ដែលជាបុគ្គលិកក្លឹប N8 រស់នៅក្រុងតាខ្មៅ ត្រូវបានរកឃើញផ្ទុកវិជ្ជមានកូវីដ-១៩ ហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរបេង រាជធានីភ្នំពេញ ។
គួរជម្រាបថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ធ្លាប់បានគូសបញ្ជាក់ថា កម្លាំងគណៈបញ្ជាឯកភាពខេត្ត សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កជាបន្តបន្ទាប់ ។
ឯកឧត្តម បន្តថា ការចាត់វិធានការការពារជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ របស់រដ្ឋបាលខេត្ត បានប្រជុំគណ:បញ្ជាការឯកភាព ដើម្បីដាក់ផែនការអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានចុះផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ តាមប្រសាសន៍សម្តេចតេជោនាយករដ្ឋ មន្ត្រី ជូនទៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមទីផ្សារ សាលារៀន វិស័យឯកជន ទីតាំងប្រជុំជនជាដើម៕