ប្រមុខ WHO អំពាវនាវអោយប្រទេសអ្នកមានកុំទិញវ៉ាក់សាំងបន្ថែម ព្រោះអាចរាំងស្ទះដល់កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងក្នុងប្រទេសក្រីក្រ និងមានប្រាក់ចំណូលមធ្យម
បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានស្នើដល់ប្រទេសអ្នកមានកុំបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀត ដែលអាចរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 នៅក្នុងប្រទេសក្រីក្រ និងមានប្រាក់ចំណូលមធ្យម ។
ប្រមុខអង្គការសុខភាពពិភពលោករូបនេះ បានគូសបញ្ជាក់ថា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួនកំពុងតែខិតជិតក្រុមហ៊ុនផលិត ដើម្បីទទួលបានវ៉ាក់សាំងបន្ថែម ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងជាមួយកម្មវិធី COVAX ។ ហើយសូម្បីតែចំនួនទឹកប្រាក់ដែលត្រូវបានបម្រុងទុកសម្រាប់កម្មវិធី COVAX ក៏ត្រូវបានកាត់បន្ថយដែរដោយសារតែបញ្ហានេះ ។ ជាមួយគ្នានេះ លោក ថេដ្រូស បានអំពាវនាវដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដើម្បីធ្វើឲ្យប្រាកដពីបញ្ហានេះ មុនពេលធ្វើការស្នើសុំពីក្រុមហ៊ុនផលិតវ៉ាក់សាំង និងប្រាកដថា ការទិញបន្ថែមរបស់ពួកគេនឹងមិនធ្វើឲ្យខូចដល់កិច្ចព្រមព្រៀងដែលធ្វើឡើងដោយកម្មវិធី COVAX នោះទេ ។
សូមជម្រាបថា គំនិតផ្តួចផ្តើមកម្មវិធីវ៉ាក់សាំង COVAX បានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង អាស្រ្តាហ្សេណេកា ក្រុមហ៊ុន បាយអូអិនធិច និងវិទ្យាស្ថាន សេរូម របស់ប្រទេសឥណ្ឌា ហើយគ្រោងនឹងចែកចាយវ៉ាក់សាំងចំនួន ៣៣៧លានដូសទៅកាន់ប្រទេសជាង ១៣០ គិតចាប់ពីចុងខែនេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ៕ ប្រភព៖ Anadulu

