អាជ្ញាធរខេត្តបាត់ដំបង និងក្រសួងធនធានទឹក សាងសង់ទំនប់ស្ទាក់ទឹកមួយកន្លែង ក្នុងស្រុកកំរៀង ដើម្បីបម្រើការស្រោចស្រពនូវដំណាំកសិកម្ម ប្រមាណជាង ២.០០០ហិកតា

ក្រសួងធនធានទឹក និងឧតុនិយម និង អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង បានសាងសង់នូវទំនប់សណ្តរ ដែលជាសំណង់ស្ទាក់ទឹកមួយកន្លែងនៅក្នុងភូមិសាស្ត្រឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយកំណត់ឈ្មោះជា៖”ទំនប់ស្ទាក់ទឹកតាក្រី”ស្ថិតតាមដងស្ទឹងមង្គលបុរី ដើម្បីធានានូវការស្រោចស្រពលើផ្ទៃដីដំណាំកសិកម្ម ដែលភាគច្រើន(ដំណាំចម្ការ) ប្រមាណជាង២.០០០ហិកតាហើយគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ នៃទំនប់ស្ទាក់ទឹកនេះ គឺគ្រោងបញ្ចប់ការសាងសង់របស់ខ្លួននៅខែកញ្ញាឆ្នាំ២០២១ ខាងមុខនេះ។

ថ្លែងឲ្យដឹងនូវក្នុងពិធីសែនក្រុងពាលីដើម្បីសុំសេចក្តីសុខដើម្បីបើកការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកតាក្រីដែលស្ថិតនៅភូមិម្នាស់ក័ល្ល(ម្នាស់កាល់) ឃុំអូរដា និង ភូមិកំពង់ចម្លងក្រោម ឃុំចក្រី ស្រុកកំរៀង នៃ ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី៤ ខែមិនាឆ្នាំ២០២១នេះ។ លោក សុខ ដារ៉ា អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម បានលើកឡើងថា៖ ការសាងសង់ នូវប្រព័ន្ធធារាសាស្ត្រនេះ គឺ៖ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋនៅក្នុងតំបន់នេះ ក្នុងការនាំទឹក ពីទំនប់នេះទៅប្រើប្រាស់ និងស្រោចស្រព ការដាំដុះដំណាំតាមតម្រូវការរបស់ខ្លួន។ ជាពិសេសនៅអំឡុងរដូវប្រាំងដែលតែងជួបនូវបញ្ហាការខ្វះខាតទឹកជារៀងរាល់ឆ្នាំ ដោយសារតែមិនទាន់មានទំនប់ស្ទាក់ទឹកបានធ្វើឲ្យទឹកហូរទៅក្រោមអស់ ហើយពលរដ្ឋតែងតែខ្វះទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំង ។

ឯកឧត្តម ងួន រតនៈ បានថ្លែងថា៖ ការសាងសង់ទំនប់ស្ទាក់ទឹកនៅទីនេះ គឺ៖ជាគម្រោង របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ហើយក៏ជាសំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានមានក្តីកង្វល់អំពីបញ្ហាប្រឈមខ្វះនូវប្រភពទឹកប្រើប្រាស់និងស្រោចស្រពដំណាំផ្សេងៗនៅរដូវប្រាំងកន្លងមក ដែលតែងតែលើកឡើងជាសំណូមពរនូវបញ្ហាប្រឈម ក្នុងអង្គវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តកន្លង
មកផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់ទៀតថា៖គម្រោងទំនប់ស្ទាក់ទឹកតាក្រី នេះវានឹងក្លាយជាសមិទ្ធផលប្រព័ន្ធធារាសាស្ត្រថ្មីមួយបន្ថែមទៀតក្នុងខេត្តបាត់ដំបងខណៈការអភិវឌ្ឍនូវប្រព័ន្ធស្រោចស្រពដូចនេះ ត្រូវបានសាងសង់ នៅតាមបណ្តាស្រុកមួយចំនួនទៀត ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដែលបាននិងកំពុងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រផ្សេងៗនៅក្នុងខេត្តបាត់ដំបង ដើម្បីបម្រើនូវផលប្រយោជន៍ប្រជាពលរដ្ឋនិងធ្វើឲ្យជីវភាពបងប្អូនកាន់តែមានភាពប្រសើរឡើង។

ដោយឡែក លោក សុខ ដារ៉ា អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម ក៏បានលើកឡើងបន្ថែមទៀតថា៖ ចំពោះការអភិវឌ្ឍគម្រោងនេះ ពេលធ្វើរួច វានឹងជួយស្រោចស្រពដំណាំកសិកម្មរបស់ពលរដ្ឋនៅទីនេះ ដែលភាគច្រើនជាដំណាំចម្ការ។ហើយថែមទាំងទទួលបាននូវ “ស្ពាន” ផងដែរ សម្រាប់ប្រជាពលរដ្ឋបានឆ្លងកាត់ នៅពេលដែលទំនប់នេះ គ្រោងនឹងបញ្ចប់នូវការសាងសង់អំឡុងខែកញ្ញាឆ្នាំ២០២១ខាងមុ
ខនេះ ។

សូមបញ្ជាក់ថា៖ នៅក្នុងអាណត្តិទី៦នេះ ខេត្តបាត់ដំបង មានទំនប់ស្ទាក់ជាច្រើនកន្ងែង ដែលបានសាងសង់រួច និងតែកំពុងធ្វើការសាងសង់បន្តជារួមមាន៖ទំនប់ស្ទាក់ទឹកពហុបំណងសេកសក ក្នុង
ស្រុករតនមណ្ឌល, ទំនប់ស្ទាក់ទឹកកង្ហត ស្រុកបាណន់ បានសាងសង់រួចនិងកំពុងប្រើប្រាស់។ និងដោយឡែក ទំនប់ស្ទាក់ទឹក ដែលកំពុងដំណើរការសាងសង់ ដូចជា៖ទំនប់ស្ទាក់ទឹកដូនទ្រី ស្រុករុក្ខគីរី និង ទំនប់ស្ទាក់ទឹក”សាលាតាអន” ក្នុងស្រុកឯកភ្នំ៕អ៊ុក សំអាន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner