ពិភពលោកកើនឡើងសេដ្ឋីខ្ទង់ពាន់លានដុល្លារថ្មីច្រើនបំផុតមិនធ្លាប់កាលពីឆ្នាំ2020 ភាគច្រើននៅចិន

បរទេស៖ មិនត្រឹមតែជាប្រទេសដំបូងគេដែលអាចងើបចេញពីការបិទប្រទេស និងបិទសេដ្ឋកិច្ចដោយសារកូវីដនោះទេ ប្រទេសចិនកាលពីឆ្នាំកន្លងទៅនេះត្រូវបានគេដឹងថា ជាប្រទេសមហាយក្សតែមួយគត់ដែលអាចមើលឃើញពីកំណើនសេដ្ឋកិច្ចស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងបញ្ហាកូវីដ។

លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា សេដ្ឋីខ្ទង់ពាន់លានដុល្លារថ្មីរបស់សកលលោកកាលពីឆ្នាំកន្លងទៅនោះគឺមានម្នាក់ក្នុងចំណោមពីរនាក់គឺជាជនជាតិចិន នេះបើយោងតាមតួលេខដែលត្រូវបានរកឃើញដោយ Hurun Report។

ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកដែលជាប្រទេសមានចំនួនសេដ្ឋីខ្ទង់ពាន់លានដុល្លារច្រើនបំផុតលើលោក ហើយក៏ជាប្រទេសដំបូងគេលើលោកដែលមានចំនួនសេដ្ឋីប្រភេទនេះច្រើនជាង 1ពាន់នាក់។

បញ្ជីសេដ្ឋីរបស់ Hurun Global Rich សម្រាប់ឆ្នាំ 2021 បានបង្ហាញថា មហាសេដ្ឋីពាន់លានដុល្លារកាលពីឆ្នាំ2020 ចិនមានចំនួនរហូតទៅដល់ 1,058 នាក់ធៀបទៅនឹងអាមេរិកដែលមានត្រឹមតែ 696នាក់ ដោយក្នុងនោះមហាសេដ្ឋីពាន់លានថ្មីកើតឡើងកាលពីឆ្នាំកន្លងទៅគឺមានចំនួនសរុប 610 នាក់ ហើយប្រមាណជា 318 គឺជាជនជាតិចិន និង 95 នាក់ជាជនជាតិអាមេរិក គិតត្រឹមថ្ងៃទី 15 ខែមករា។

លោក Rupert Hoogewerf ប្រធានផ្នែកស្រាវជ្រាវនៃរបាយការណ៍ Hurun បាននិយាយថា៖ពិភពលោកមិនដែលមើលឃើញមានការកើនឡើងនៃចំនួនមហាសេដ្ឋីច្រើនបែបនេះក្នុងរយៈពេលតែ 1 ឆ្នាំបែបនេះឡើយ ពៅលគឺច្រើនជាងការរំពឹងទុកទាំងដែលឆ្នាំ2020 គឺជាឆ្នាំរងការវាយប្រហារយ៉ាងខ្លាំងក្លាដោយសារកូវីដ។

បុគ្គលដែលមានទ្រព្យសម្បតិ្តច្រើនទាំងនោះគឺមានកំណើនទ្រព្យសម្បត្តិកាន់តែច្រើននៅក្នុងឆ្នាំ2020 ទាំងដែលសេដ្ឋកិច្ចពិភពលោកត្រូវបានរងគ្រោះខ្លាំងដោយសារបញ្ហាសុខភាពសាធារណៈ។

យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ទៀតថាចំនួនមហាសេដ្ឋីពាន់លានទាំងអស់ដែលគេបានដឹងនោះគឺមានរហូតទៅដល់ 3,228 នាក់មកពីក្រុមហ៊ុនទាំងអស់ 2,402 នៅក្នុងបណ្តាប្រទេសទាំង 68 ។

ក្នុងនោះផងដែរលោក Elon Musk បានក្លាយទៅជាមនុស្សម្នាក់មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោកកាលពីឆ្នាំ2020 ដែលមានរហូតទៅដល់ 197 ពាន់លានដុល្លារកើនឡើងដោយសារតែភាគហ៊ុនរបស់ Telsa មានកំណើនដល់ទៅ 622 ភាគរយត្រឹមតែមួយឆ្នាំ ហើយក្នុងនោះមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេទី2បន្ទាប់នោះគឺលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានប្រមាណជា 189 ពាន់លានដុល្លារ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner