ចិនក្លាយជាអ្នកវិនិយោគផ្ទាល់ពីបរទេស(FDI) ច្រើនបំផុតនៅម៉ាឡេស៊ីរហូតដល់ជាង 40ពាន់លានដុល្លារ
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួនៅក្នុងសប្តាហ៍នេះបានចេញផ្សាយថា ចិនបានក្លាយទៅជាប្រទេសដែលបានវិនិយោគច្រើនជាងគេបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ2020 ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយអជ្ញាធរគ្រប់គ្រងកិច្ចការងារអភិវឌ្ឍន៍ និងវិនិយោគនៃប្រទេសម៉ាឡេស៊ី MIDA បានបញ្ជាក់ទៀតថា ទំហំនៃការវិនិយោគទាំងដោយផ្ទាល់ពីបរទេស(FDI)និងក្នុងស្រុក(DDI)ដែលម៉ាឡេស៊ីបានអនុម័តមាន 164 ពាន់លានរីងហ្គីត ឬត្រូវជា 40.41 ពាន់លានដុល្លារតាមរយៈគម្រោងសរុបប្រមាណជា 4,599 ដោយក្នុងនោះភាគច្រើនជាសង្វាក់ផលិតកម្ម និងសេវាកម្ម។
នៅក្នុងឆ្នាំ2020 វិនិយោគក្នុងស្រុកសរុប ឬ (DDI) មានការកើនឡើងខ្លាំងរហូតទៅដល់ 60.9 ភាគរយ ឬប្រមាណជា 99.8 ពាន់លានរីងហ្គីត និងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានប្រមាណជា 64.2 ពាន់លានរីងហ្គីតក្នុងអត្រាកើនឡើង 39.1 ភាគរយ។
MIDA ដដែលបានបង្ហាញទៀតថា ប្រទេសចិន ប្រទេសសិង្ហបុរី និងប្រទេសហូឡង់ គឺជាប្រទេសកំពូលទាំង 3 ដែលបានវិនិយោគដោយផ្ទាល់ (FDI) នៅម៉ាឡេស៊ីទៅលើគ្រប់វិស័យទាំងអស់ ឬស្មើទៅនឹងពាក់កណ្តាលនៃទំហំវិនិយោគដោយផ្ទាល់ពីបរទេសសរុបតែម្តង។
ប្រទេសចិនដែលនៅតែបន្តស្ថិតនៅលើកំពូលតារាងជាប្រទេសដែលមានការវិនិយោគខ្លាំងជាងគេនៅម៉ាឡេស៊ីនោះត្រូវបានគេមើលឃើញថាមានទំហំវិនិយោគប្រមាណជា 17.8 ពាន់លានរីងហ្គីត ហើយចំណាត់ថ្នាក់កំពូលនៃការវិនិយោគនេះត្រូវបានធ្វើឡើងក្នុងរយៈពេល 5 ឆ្នាំជាប់គ្នាមកហើយ៕