ចិនដាក់គោលដៅបង្កើនកំណើន GDP សាជាថ្មីក្រោយសេដ្ឋកិច្ចងើបឡើងវិញខ្លាំង
បរទេស៖ប្រទេសចិននៅថ្ងៃសុក្រនេះបានប្រកាសកំណត់គោលដៅកំណើនសេដ្ឋកិច្ចសាជាថ្មីម្តងទៀតពោលគឺ
មានចំនួនច្រើនជាង 6 ភាគរយ ហើយថែមទាំងបានសន្យាថានឹងបង្កើតការងារឲ្យបានកាន់តែច្រើននៅតាម
ទីក្រុងជាងឆ្នាំកន្លងទៅក្នុងពេលដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងស្ទុះឡើងខ្លាំងបន្ទាប់ពីរងការវាយប្រហារដោយកូវីដ។
កាលពីឆ្នាំ2020 ប្រទេសចិនបានទម្លាក់ការព្យាករទុករបស់ខ្លួនទៅលើផលិតផលក្នុងស្រុកសរុប GDP នៅក្នុង
របាយការណ៍ដំបូង និងមិនធ្លាប់មានឡើយចាប់តាំងតែពីឆ្នាំ2002 ដោយសារតែទទួលរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងពីបញ្ហារាតត្បាតកូវីដ។
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានថ្លែងនៅក្នុងរបាយការណ៍សម្រាប់ឆ្នាំ2021 នេះថា៖ជាគោលដៅថ្មីប្រទេសចិននឹងរំពឹងទុកថាអត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លននឹងមានទៅដល់ជាង 6 ភាគរយសម្រាប់ឆ្នាំនេះហើយដើម្បីអាចទទួលបានយើងបានចាប់ផ្តើមធ្វើសកម្មភាពជាច្រើនក្នុងដំណើរការងើបឡើងនៃសេដ្ឋកិច្ចនៅពេលនេះ។
លោក Li បានដាក់គោលដៅទៀតថា នឹងបង្កើតការងារថ្មីនៅតាមតំបន់ទីប្រជុំជនឲ្យបានច្រើនជាង 11 លានកន្លែងបន្ថែមទៀតធៀបទៅនឹងការងារដែលខ្លួនបានដាក់គោលដៅសម្រាប់ឆ្នាំ2020 មានត្រឹមតែ 9 លានកន្លែង។
ក្នុងពេលដែលកំពុងមានកំណើនឡើងនៃសេដ្ឋកិច្ចនេះផងដែរ រដ្ឋាភិបាលក៏បានដាក់គោលដៅឱភាពថវិកាសម្រាប់ឆ្នាំ2021 នេះផងដែរពោលគឺប្រមាណជា 3.2 ភាគរយនៃ GDP ដែលទាបជាងគោលដៅដែលខ្លួនចង់បានកាលពីឆ្នាំកន្លងទៅប្រមាណជា 3.6 ភាគរយខណៈដែលគោលដៅសម្រាប់អតិផរណាតម្លៃនៃអ្នកប្រើប្រាស់ប្រមាណជា 3 ភាគរយនៅក្នុងឆ្នាំ2021 នេះធៀបទៅនឹងគោលដៅកាលពីឆ្នាំចាស់ប្រមាណជា 3.5 ភាគរយ៕