គិតត្រឹមនៅថ្ងៃទី៥ ខែមីនា គម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ សម្រេចបានជិត ៤០ភាគរយហើយ
ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានជំរុញយ៉ាងរលូន ហើយបច្ចុប្បន្នភាពនៃគម្រោងនេះ សម្រេចបានជិត ៤០%ហើយ នឹងឈានដល់ដំណាក់កាលក្រាលកៅស៊ូក្នុងពេលឆាប់ៗនេះ។
ប្រភពព័ត៌មានដដែលបានបន្តថា ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មាន ប្រវែង សរុប ជាង ១៩០ គីឡូម៉ែត្រ ដោយ តភ្ជាប់ ពី ភូមិទី១ សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដល់ភូមិ ទី១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ពោលគឺ ឆ្លងកាត់ រាជធានី ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត កោះកុង (ប្រវែង ១,៩២គ.ម) និង ខេត្ត ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។ ផ្លូវនេះ មាន ទទឹង តួ សរុប ២៤,៥ ម៉ែត្រ ក្រាល បេតុង កៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ ចែក ជា ៤ គន្លង (២គន្លងទៅ ២គន្លង មក) ហើយ គន្លងនីមួយៗ មានទទឹង ៣,៧៥ ម៉ែត្រ ដែល អនុញ្ញាត ឱ្យ យានយន្ត គ្រប់ ប្រភេទ អាច បើកបរ ក្នុង ល្បឿន រហូត ដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុង មួយម៉ោង។
គម្រោង នេះ វិនិយោគ ដោយ ក្រុមហ៊ុន សាជីវកម្ម ស្ពាន និង ថ្នល់ចិន (CRBC) តាមរយៈ ក្រុមហ៊ុន ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួត ពិនិត្យ និងផ្តល់ ការ ប្រឹក្សា បច្ចេកទេស សាងសង់ ដោយ ក្រុមហ៊ុន ទីប្រឹក្សា បច្ចេកទេស Minconsult SDN BHD ដោយ ប្រើប្រាស់ ថវិកា វិនិយោគ ប្រមាណ ជិត ២ពាន់ លានដុល្លារ អាមេរិក និង ប្រើប្រាស់ ថវិកា បដិភាគ ដែលជា ហិរញ្ញប្បទាន ឥតសំណង ពិសេស របស់ រដ្ឋាភិបាល នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ប្រមាណ ១៥០លាន ដុល្លារ អាមេរិក ដែលត្រូវ ប្រើ រយៈពេល សាងសង់ ចំនួន ៤៨ ខែ ដោយគិត ចាប់ផ្តើមពី ខែមីនា ឆ្នាំ ២០១៩ និង បញ្ចប់ នៅខែ មីនា ឆ្នាំ ២០២៣៕ ដោយ វណ្ណលុក




