កូនផ្សោតថ្មីទីពីរ បានចាប់កំណើតមកហើយ សម្រាប់ដើមឆ្នាំ២០២១នេះ
អត្ថបទដោយ៖
Kien Sereyvuth
ជាក្ដីរំភើបក្រៃលែង កំណត់ត្រានៃកូនផ្សោតថ្មីទីពីរ ត្រូវបានបញ្ជាក់នៅថ្ងៃនេះដោយក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការ WWF។
កូនផ្សោតថ្មីនេះត្រូវបានប្រទះឃើញកំពុងហែលជាមួយនឹងផ្សោតពេញវ័យចំនួន ៤ក្បាល ផ្សេងទៀតកាលពីថ្ងៃម្សិលមិញ នៅឯទីជម្រកធម្មជាតិកាំពី នៃខេត្តក្រចេះ។
សូមបញ្ជាក់ផងដែរថា កូនផ្សោតទី១ សម្រាប់ឆ្នាំ២០២១នេះ ទើបតែត្រូវបានកត់ត្រាដោយក្រុមអ្នកស្រាវជ្រាវកាលពីចុងសប្ដាហ៍មុននេះ នៅក្នុងទីជម្រកធម្មជាតិនៃនៃខេត្តស្ទឹងត្រែង។
ព្រឹត្តការណ៍ទាំងពីរនេះ គឺជាការលើកទឹកចិត្តខ្លាំងបំផុតមួយដល់ក្រុមអ្នកស្រាវជ្រាវ ក្នុងការបន្ដតាមដានស្ថានភាព និងកំណត់អត្តសញ្ញាណសត្វផ្សោតនៅក្នុងតំបន់ទេសភាពមេគង្គ។ នៅឆ្នាំ២០២០ ក្រុមស្រាវជ្រាវបានកត់ត្រាកូនផ្សោតចំនួន ៩ក្បាល ខណៈកូនផ្សោតចំនួន ១៣ក្បាលត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៩៕ ដោយ វណ្ណលុក



