នាយករដ្ឋមន្រ្តីកាណាដាប្រកាសពីវិធានការថ្មីៗ ដើម្បីគាំទ្រដល់មនុស្សវ័យចំណាស់ អំឡុងពេលមានការរាតត្បាតពីវីរុស COVID-19
កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ បានប្រកាសពីវិធានការថ្មីមួយ ដើម្បីផ្តល់ការគំាំទ្រដល់មនុស្សវ័យចំណាស់ ក្នុងអំឡុងពេលមានការរាតត្បាតពីជម្ងឺឆ្លង COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។
អំឡុងពេលធ្វើសន្និសិទកាសែតជាតិប្រចាំថ្ងៃ នាយករដ្ឋមន្រ្តីកាណាដារូបនេះ បានគូសបញ្ជាក់ថា ចាំបាច់ធ្វើការកែទម្រង់សំខាន់ៗសម្រាប់មនុស្សវ័យចំណាស់ ដែលមានជាង៨០ភាគរយនៃចំនួនអ្នករងគ្រោះពីជំងឺឆ្លងបច្ចុប្បន្ន ។ លោកបន្ថែមថា យើងបានឃើញស្ថានភាពលំបាកនៅមណ្ឌលថែទាំសុខភាពទាំងនោះនៅទូទាំងប្រទេស ដោយបុគ្គលិកពេទ្យការធ្វើច្រើនម៉ោង ខ្វះខាតគ្រូពេទ្យ និង គ្រួសារដែលមានទុក្ខព្រួយ ។ ក្រុមមន្ត្រីកាណាដាបានប្រកាសកាលពីពេលមុននេះថា ទីក្រុងអូតាវ៉ា នឹងផ្តល់ឱ្យមនុស្សវ័យចំណាស់ដែលរស់នៅពឹងផ្អែកលើប្រាក់ចំណូលថេរ នូវទឹកប្រាក់ជំនួយចំនួន៣០០ដុល្លារកាណាដា ឬស្មើនឹង២១៥ដុល្លារអាមេរិក ដល់៥០០ដុល្លារកាណាដា ដើម្បីដោះស្រាយការចំណាយកើនឡើង ដែលទាក់ទងនឹងការផ្ទុះឡើងនៃវីរុសរាតត្បាតជាសកលមួយនេះ ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកាណាដា ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៧ម៉ឺន២ពាន់២៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៣០២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន៥ពាន់១៦៤នាក់ ៕



