ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅរុស្ស៊ីកើនឡើងលើស១ម៉ឺនករណីថ្មីទៀត ធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនដល់២៤ម៉ឺន២ពាន់២៧១ករណី
អត្ថបទដោយ៖
Kien Sereyvuth
រុស្ស៊ី៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន១ម៉ឺន២៨នាក់ថ្មីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ ធ្វើឱ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់២៤ម៉ឺន២ពាន់២៧១នាក់ នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។
ប្រភពខាងលើបានឱ្យដឹងទៀតថា អ្នកស្លាប់ថ្មីចំនួន៩៦នាក់ក៏ត្រូវបានរាយការណ៍ផងដែរនៅដដែលនេះ នាំឱ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់២ពាន់២១២នាក់ ។ ទន្ទឹមគ្នា បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ីនោះ កំណើនករណីឆ្លងថ្មី ប្រចាំថ្ងៃខាងលើនេះ បានថយចុះមកនៅត្រឹម៤.៣ភាគរយ បើធៀបទៅនឹងកាលពីថ្ងៃអង្គារ៍ ដែលមានចំនួន៤.៩ភាគរយ ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺ COVID-19 ចំនួន៤ម៉ឺន៨ពាន់៣នាក់ហើយបានជាសះស្បើយឡើងវិញ ខណៈមនុស្សជាង៥.៩លាននាក់បានទទួលការធ្វើតេស្ដនៅទូទាំងប្រទេសរុស្ស៊ី ៕





