បុរសម្នាក់ស្រវឹងស្រា បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ និយាយមិនស្ដាប់គ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាស្រវឹងហេីយបើករថយន្តឡិចស៊ីស RX-300 មួយគ្រឿងទៅបុកគូទរថយន្ត ឡិចសុីស nx200 t មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច តែដោះស្រាយគ្នាមិនត្រូវ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង៩និង ២០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកឡិចសុីសNX200 t មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-1317 ធ្វើដំណើរទៅដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត ឡិចសុីសRX-300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ កណ្ដាល 2A-9358 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយបុកគូទរថយន្តឡិចសុីស NX-200t បណ្ដាលឲ្យរងការខូចខាតកាងក្រោយបន្តិចបន្តួច ។
បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នារយៈពេលជិតមួយម៉ោងនៅតែមិនត្រូវគ្នា ដោយម្ចាស់រថយន្តបង្កនិយាយមិនស្តាប់គ្នា ទើបសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តបង្ក និងភាគីរថយន្តរងគ្រោះក៏ដូចជារថយន្តមកគោលដៅសមត្ថកិច្ចរឹតបណ្តឹងច្បាប់ចរាចរណ៍ដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀត ដោយភាគីបង្កនៅតែនិយាយមិនស្ដាប់គ្នា និងមិនសហការជាមួយកម្លាំងសមត្ថកិច្ច ទេីបសមត្ថកិច្ចសម្រេចនាំខ្លួនបញ្ចូនទៅផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ ចំណែករថយន្តសមត្ថកិច្ចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នានៅពីក្រោយ ៕ដោយ៖ ជីម ភារ៉ា










