លោក ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអូស្រ្តាលី ឥណ្ឌា និងជប៉ុន ដែលនេះជាសារដ៏រសើបមួយទៅកាន់ចិន
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូលលើកដំបូងជាមួយមេដឹកនាំអូស្រ្តាលី ជប៉ុន និងឥណ្ឌា នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈលោក បៃដិន កំពុងព្យាយាមលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន ។
អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សារគី (Jen Psaki) បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា លោកប្រធានាធិបតី បៃដិន បានធ្វើឱ្យកិច្ចសន្ទនានេះ ក្លាយជាការចូលរួមពហុភាគីដំបូងបំផុតមួយរបស់គាត់ ដើម្បីនិយាយពីសារៈសំខាន់ដែលយើងបានដាក់លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
លោកស្រីបន្តថា ក្រុមមេដឹកនាំត្រូវបានគេរំពឹងថា នឹងពិភាក្សារឿងគ្រប់យ៉ាងចាប់ពីការគំរាមកំហែងនៃជំងឺកូវីដ១៩ រហូតដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិ និងគោលនយោបាយអាកាសធាតុ ។ បើតាមលោក ចូ បៃដិន ផ្ទាល់បាននិយាយថា លោកមើលឃើញថា កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ គឺជាចំណុចផ្តោតសំខាន់នៃយុទ្ធសាស្ត្ររបស់លោក ក្នុងការដោះស្រាយជាមួយនឹងភាពខ្លាំងផ្នែកសេដ្ឋកិច្ច និងយោធារបស់ចិន ៕ ប្រភព៖ AP

