អ្នករត់កង់បីបារម្ភសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ខណៈឥទ្ធិពលព្រឹត្តិការណ៍ ២០កុម្ភៈបន្តរំខានដល់មុខរបរ

ភ្នំពេញ៖បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានផ្ទុះឡើងរហូតមកដល់ពេលនេះករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍បន្តមានជាហូរហែរព្រមទាំងបានបង្ខំចិត្តឱ្យអាជីវកម្មមួយចំនួនផ្អាក់ដំណើរការបណ្តោះអាសន្ន មនុស្សម្នាផ្អាក់រាល់ការជួបជុំ ឯការធ្វើដំណើរនៅតាមផ្លូវសាធារណៈក៏មានសភាពស្ងប់ស្ងាត់ជាងថ្ងៃធម្មតា។ អ្នកប្រកបរបរដឹកអ្នកដំណើរតាមកង់បី (តុកតុក) មួយចំនួននៅរាជធានីភ្នំពេញ បានលើកឡើងថា ឥទ្ធិពលជំងឺកូវីដបង្រៀនពួកគាត់ឱ្យប្រុងប្រយ័ត្នគិតពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួននិងសុវត្ថិភាពអតិថិជនបានប្រសើរជាងមុខ។

លោក​ សោម សារិទ្ធ ជាអ្នករត់កង់ម្នាក់នៅរាជធានីភ្នំពេញ បាននិយាយថា៖ “ខ្ញុំខ្លាចជំងឺកាចសាហាវមួយនេះ ប៉ុន្តែធ្វើយ៉ាងណាបើនេះជាជីវភាព ដើម្បីចិញ្ចឹមក្រពះ ខ្ញុំត្រូវតែបន្តសកម្មភាពការងារ ចិត្តវិញចេះតែភ័យព្រួយហើយ តែយ៉ាងណាក៏ដោយយើងត្រូវចេះការពារខ្លួនឯងឱ្យបានល្អ”។

អ្នករត់កង់បីវ័យសែសិបឆ្នាំរូបនេះ បានបន្តទៀតថា ដើម្បីបញ្ជៀសការឆ្លងកូវីដ-១៩ លោកតែងពាក់ម៉ាស់រាល់ពេលដឹកអតិថិជន លាងសម្អាតដៃមុននឹងក្រោយពេលទទួលលុយពីអតិថិជន និងសម្អាតកង់បីរបស់ខ្លួនជានិច្ច។ “ខ្ញុំត្រៀមម៉ាស់ ទឹកអាល់កុលលាងដៃ និងប្រុងប្រយ័ត្នជានិច្ច ការពារសុវត្ថិភាពខ្លួនឯង និងអតិថិជន… បើនិយាយចំណូលវិញធ្លាក់ចុះខ្លាំងគួរសមដែរមួយរយៈនេះ”។

ទន្ទឹមនឹងគ្នានេះដែរ លោក ភី សុបញ្ញា អ្នករត់តុកតុកម្នាក់ទៀត ​ក៏បាននិយាយដែរថា ជាទូទៅលោកអាចរកចំណូលពីរបរដឹកអ្នកដំណើរបានចន្លោះពីប្រំាបួនម៉ឺនទៅដប់ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែតាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកមួយថ្ងៃលោកអាចរកប្រាក់ត្រឹមតែមួយម៉ឺនទៅពីរម៉ឺនរៀលប៉ុណ្ណោះ។ លោក សុបញ្ញា “ជំងឺកូវីដ-១៩ ហ្នឹង បានធ្វើឱ្យចំណូលខ្ញុំកាន់តែដុនដាប់ទៅ និងប្រឈមហានិភ័យខ្ពស់ តែពេលនេះខ្ញុំត្រូវតែគិតពីសុខភាពខ្លួនឯង សុខភាពគ្រួសារខ្ញុំ និងភ្ញៀវដែរមករកសេវារបស់យើង… មិនមែនថាបានលុយចេះតែដឹកទេ”។

កំពុងអង្គុយក្នុងតុកតុករង់ចាំអតិថិជនហៅតាមទូរស័ព្ទដៃ លោក សុភ័ក្រ សីហា ងាកមកនិយាយថា “បើសិនជាជំងឺកូវីដនេះនៅតែមានការរីករាលដាលកាន់តែខ្លាំង ប្រហែលខ្ញុំសម្រេចចិត្តផ្លាស់ប្ដូរមុខរបរថ្មី ព្រោះបាត់បង់ចំណូលច្រើន ហើយបារម្ភពីរឿងសុវត្ថិភាពសុខភាព មើលមិនឃើញទេជំងឺកូវីដហ្នឹង”។

ដំណោះស្រាយបញ្ហាចំពោះមុខ លោក សុភ័ក្រ សីហា បានឱ្យដឹងថា លោកតែងប្រុងប្រយ័ត្នសុខភាព រក្សាអនាម័យនិងរក្សាគម្លាតសុវត្ថិភាពជានិច្ចដោយចាត់ទុកខ្លួនឯងជាផ្នែកមួយសំខាន់ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ “ខ្ញុំប្រកាន់ខ្ជាប់អនាម័យជាងមុន បើយើងមិនប្រយ័ត្ននរណាមកជិះកង់បីយើង វាជាទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់គ្នា យើងទាំងអស់គ្នាត្រូវធ្វើតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលណែនាំ ទើបជំងឺកូវីដ-១៩ នេះ អាចបាត់ផុតពីភពផែនដីនេះ”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ និងប្រកាសនៅថ្ងៃទី ២១ កុម្ភៈ។ ​ដំណាក់កាលនោះ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្នើ​ឱ្យអាជ្ញាធរពាក់ព័ន្ធបិទ​អគារ, ក្លិប​កម្សាន្ត​ N8, សណ្ឋាគារ, និង​តំបន់​មួយចំនួនជាបន្តបន្ទាប់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner