អំណានក្នុងបរិបទកូវីដ-19 ប្រធានបទសំខាន់ក្នុងទិវាជាតិអំណានឆ្នាំ 2021
ភ្នំពេញ៖ តាមការគ្រោងទុករបស់ក្រសួងអប់រំ យុវជន និងកីឡា ទិវាជាតិអំណានលើកទី6 ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃព្រហស្បត្តិ៍ ទី11 ខែមីនានេះ ក្រោមប្រធានបទ “អំណានក្នុងបរិបទកូវីដ-19”។ ទិវាអំណានឆ្នាំនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom)ក្នុងបរិបទចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ស្របតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ កម្មវិធីនីមួយៗក្នុងទិវាជាតិអំណាននឹងផ្សាយផ្ទាល់តាមគេហទំព័រ Facebook ផ្លូវការរបស់ក្រសួងរំ (MoEYS Cambodia)។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំទិវាជាតិអំណានក្នុងស្ថានភាពកូវីដ-19 ក្នុងន័យពង្រឹងគុណភាពអប់រំ បណ្ដុះទម្លាប់អាន លើកកម្ពស់ការតែងនិពន្ធ និងការសូត្រកំណាព្យជាដើម។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា ទិវាជាតិអំណានផ្ដល់ឱកាសដល់យុវជនបញ្ចេញទេពកោសល្យ ឬស្នាដៃរបស់ខ្លួនដើម្បីបង្ហាញពីសមត្ថភាពសិក្សាស្រាវជ្រាវ ក៏ដូចជាចូលរួមអបអរសាទរទិវាជាតិអំណានកុំឱ្យបាត់បង់ទោះបីស្ថិតក្នុងការរីករាលនៃជម្ងឺកូវីដ-19 ក៏ដោយ។
ទិវាជាតិអំណាននឹងលើកយកប្រធានបទចំនួនបីមកពិភាក្សា រួមមាន អំណាននិងយុវជន, អំណាននិងជីវិត, អំណាននិងកុមារ ដែលវាគ្មិនត្រូវបានជ្រើសរើសពីក្រុមអ្នកនិពន្ធ អ្នកចូលចិត្តអាន អ្នកជោគជ័យលើការអាន អ្នកជំនាញអប់រំកុមារ និងមាតាបិតាសិស្ស។ ក្នុងនោះក៏មានបាឋកថាស្រាវជ្រាវស្តីពី “អក្សរសិល្ប៍ និងភាសាខ្មែរសម័យកណ្តាល តាមរយៈសិលាចារឹកនគរវត្ត” ការបកស្រាយប្រធានបទ “តម្លៃអក្សរសិល្ប៍នៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ” បទបង្ហាញស្តីពី “ស្ថានភាពបណ្ណាល័យនៅសាលាបឋមសិក្សាក្នុងប្រទេសកម្ពុជា” ព្រមទាំងមានកម្មវិធីសំណួរ-ចម្លើយផងដែរ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវាជាតិអំណាន ក្នុងបំណងរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់សិស្ស និស្សិត មន្រ្តីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា និងរក្សាគុណតម្លៃកេរ្ដិ៍ដំណែលរបស់មនុស្សជាតិ៕