លោកហ៊ូ ក្រើន ៖ “ម្តាយបំបៅដោះកូនបានពេញលេញ ត្រូវធ្វើនៅគ្រប់ទីកន្លែង និងគ្រប់ពេលដែលកូនត្រូវការ”
ភ្នំពេញ ៖ ចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល និងបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក ព្រមទាំងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុពីរឆ្នាំឬលើស ចាត់ទុកជាការបំបៅដោះកូនដោយពេញលេញ និងត្រឹមត្រូវតាមការណែនាំរបស់សុខាភិបាល។ ការបំបៅដោះកូនដោយពេញលេញអ្នកម្តាយអាចធ្វើបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលដែលកូនត្រូវការ។ ខាងក្រោមនេះជាខ្លឹមសារដែលលោក ហ៊ូ ក្រើន នាយករងនៃអង្គការហេឡែ ខេលល័រ អន្តរជាតិប្រចាំកម្ពុជា(HKI) និងជាអ្នកសម្របសម្រួលនៃស័ម្ពន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា ផ្តល់បទសម្ភាសជុំវិញទិដ្ឋភាពម្តាយបំបៅដោះកូននៅកម្ពុជា ជាមួយ AMS នៅថ្ងៃពុធ ទី10 ខែមីនានេះ។
១. តើអ្វីជាឧបសគ្គសម្រាប់ស្ត្រីកម្ពុជាក្នុងការបំបៅដោះកូន?
លោកហ៊ូ ក្រើន ៖ សម្រាប់ខ្ញុំយល់ថាមានហេតុផលច្រើនដែលជាឧបសគ្គរបស់អ្នកម្តាយក្នុងការបំបោះដោះកូនដោយទឹកដោះម្តាយដោយផ្ទាល់។ ឧបសគ្គទាំងនោះរួមមាន ទីមួយ ការផ្សព្វផ្សាយពីផលិតផលម្សៅទឹកដោះគោលើសលប់ ហាក់ដូចជាបំភ័ន្ភភ្នែកម្តាយឪពុកមួយចំនួន និងសាធារណជន ដោយពួកគាត់គិតថា ម្សៅទឹកដោះគោសំខាន់ខ្លាំងជាងទឹកដោះម្តាយ។
ទីពីរ ស្ថានភាពការងាររបស់ម្តាយបង្ខំឱ្យពួកគេបោះបង់ការបំបៅដោះកូនបន្ទាប់ពីសម្រាលកូនរួច មានន័យថារយៈពេលបីខែក្រោយពេលសម្រាលម្តាយត្រូវត្រឡប់ទៅធ្វើការវិញ (លំហែមាតុភាពមានពេលខ្លី)។ ទីបី ការយល់ដឹងពីសារៈសំខាន់នៃការបំបៅដោះម្តាយរបស់បុគ្គលិកទាំងស្ថាប័នរដ្ឋ និងឯកជនមួយចំនួននៅមានកម្រិត ពុំទាន់យល់ពេញលេញគុណសម្បត្តិនៃការបំបៅដោះម្តាយ។
ទន្ទឹមនឹងចំណុចនេះ ទីបួន ការយល់ដឹងរបស់សមាជិកក្រុមគ្រួសារក៏នៅមានកម្រិ តម្តាយឪពុកមួយចំនួនគិតថាការបំបៅដោះពុំសូវសំខាន់ គ្មានការគាំទ្រពីសមាជិកគ្រួសារផ្សេងទៀត អាចជាជីដូន បងប្អូន ម្តាយឪពុក ដែលជាមូលហេតុមិនជួយឱ្យម្តាយមានពេលវេលាពេញលេញបំបៅដោះដល់កូន។ ទីប្រាំ ការគាំទ្រពីមជ្ឈដ្ឋានជុំវិញខ្លួនស្ត្រី “ស្ត្រីត្រូវការការគាំទ្រលើកិច្ចការនេះ បើមជ្ឈដ្ឋានមិនផ្តល់តម្លៃ មិនលើកទឹកចិត្ត ឬមិនបង្ករបរិយាកាសល្អដល់ស្ត្រីជាម្តាយ នោះជាការព្រងើយកន្តើយពុំផ្តល់តម្លៃដល់ម្តាយឱ្យបំបៅដោះកូនដោយទឹកដោះម្តាយ”។ លើសពីនេះទាក់ទងនឹងជំនឿនិងប្រពៃណី ក៏ជាបញ្ហាមួយរាំងស្ទះសកម្មភាពបំបៅកូនដោយទឹកដោះម្តាយដែរ។
២. ទន្ទឹមនឹងឧបសគ្គដែលស្ត្រីបានជួប តើការបំបៅដោះកូននៅទីសាធារណៈនេះជាទង្វើខុសឆ្គងដែរឬទេ?
លោកហ៊ូ ក្រើន ៖ ខ្ញុំយល់ថា ម្តាយបំបៅដោះកូននៅទីសាធារណៈវាជាគំរូទៅវិញទេ សកម្មភាពនេះអាចឱ្យម្តាយផ្សេងទៀតមើលឃើញពីសារៈសំខាន់នៃការបំបៅទឹកដោះម្តាយដល់កូន ហើយយកចិត្តទុកដាក់ចំពោះសកម្មភាពនេះ។ “ឥឡូវយើងគិតមើលទៅ បើកូនឃ្លាន បើត្រូវការបៅ ម្តាយត្រូវផ្តល់ការបំបៅដល់កូន វាមិនមែនជាទង្វើខុសឆ្គងអីនោះទេ ព្រោះវាជាធម្មជាតិរបស់ក្មេងដែលត្រូវការទឹកដោះម្តាយជាអាហារ សកម្មភាពនេះបង្ហាញថាម្តាយនេះពិតជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំបោះដោះកូនដោយទឹកដោះម្តាយដោយផ្ទាល់។ សកម្មភាពនេះគួរត្រូវបានកោតសរសើរនិងលើកទឹកចិត្តពីសំណាក់សាធារណជន ដើម្បីឱ្យម្តាយដទៃទៀតមើលឃើញគាត់ជាម្តាយគំរូ”។
ចំណុចនេះខ្ញុំសុំបញ្ជាក់ដោយផ្អែកលើច្បាប់ការងារ។ ច្បាប់បានអនុញ្ញាតិឱ្យម្តាយប្រើប្រាស់ពេលវេលាមួយម៉ោងក្នុងមួយថ្ងៃបំបៅកូនខ្លួនដោយទឹកដោះម្តាយក្នុងពេលធ្វើការ។ រយៈពេលពេញមួយឆ្នាំចាប់ពីថ្ងៃសម្រាលកូនរួច នៅពេលបំពេញការងារស្ត្រីជាម្តាយអាចបំបៅដោះកូនបានក្នុងម៉ោងធ្វើការ។ យើងអាចពិនិត្យកាន់តែច្បាស់នៅមាត្រា 184, មាត្រា 185, និងមាត្រា 186 នៃច្បាប់ការងារ តម្រូវឱ្យអ្នកគ្រប់គ្រងស្ថាប័ន និងបុគ្គលិកយល់ដឹងពីចំណុចទាំងនេះ។
៣. តើធ្វើយ៉ាងដូចម្តេច ទើបស្ត្រីអាចបំបៅដោះកូនពេញលេញនៅកន្លែងធ្វើការងាររបស់គាត់?
លោកហ៊ូ ក្រើន ៖ យើងមានច្បាប់ចែងហើយ អីចឹងសុំឱ្យស្ថានប័នការងារ ម្ចាស់ស្ថាប័នក្រុមហ៊ុន ឬអង្គការជាតិ-អន្តរជាតិ ទាំងគ្នាអស់បើកចិត្តទូលាយលើកកម្ពស់និងបង្ករភាពងាយស្រួលឱ្យស្ត្រីជាម្តាយបំបៅដោះដល់កូននៅកន្លែងធ្វើការ។ កន្លងទៅមានរោងចក្រនិងកន្លែងធ្វើការមួយចំនួនបានរៀបចំកន្លែងសម្រាប់ស្ត្រីបំបៅដោះកូន (នៅកន្លែងធ្វើការ) ក៏ប៉ុន្តែសុំឱ្យពិនិត្យនិងធានាថា កន្លែងធ្វើការទាំងនោះពិតជាផ្តល់ភាពងាយស្រួលដល់ម្តាយ បង្ករបរិយាកកក់ក្តៅដល់ស្ត្រី មានអនាម័យ និងធានាថាខ្លួនបានចូលរួមលើកទឹកចិត្តដល់អ្នកម្តាយឱ្យបំបៅកូននៅកន្លែងធ្វើការ។
ខ្ញុំសុំបញ្ជាក់ថាការបំបៅដោះកូនដោយទឹកដោះម្តាយសំខាន់ខ្លាំងណាស់ ដើម្បីធានាថានៅពេលអនាគតនឹងមានធនធានមនុស្សដែលមានសុខភាពរឹងមាំ កម្លាំងខ្លាំងក្លា និងមានបញ្ញាឆ្លាតវៃ ប្រកបដោយសមធម៌ និងចីរភាព។ ជារួមម្តាយបំបៅកូនដោះនៅកន្លែងធ្វើការងារ មិនមែនជាទង្វើខុសឆ្គងនោះទេ ប៉ុន្តែសុំឱ្យមានការចូលរួមលើទឹកចិត្តដល់ម្តាយឱ្យបំបៅដោះកូនឱ្យបានពេញលេញ មិនមែនជាការបន្តុះបង្អាប់ឬរិះគន់ដល់ម្តាយបំបៅដោះកូននៅទីសាធារណៈនោះទេ។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ ការប៉ុស្តី៍រូបភាពបំបៅកូននៅលើបណ្តាញសង្គមដូចបានឃើញនេះ ពិតជាសំខាន់ខ្លាំងណាស់ដែលជួយជំរុញស្ត្រីផ្សេងទៀតឱ្យយកចិត្តទុកដាក់បំបៅកូនដោយទឹកដោះម្តាយបានពេញលេញ ក្រសួងសុខាភិបាលលើកកម្ពស់ គាំទ្រ និងការពារការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល។
បន្ថែមលើការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេលប្រាំមួយខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុពីរឆ្នាំឬលើស និងការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពីប្រំាមួយខែទ្បើងទៅ ម្តាយឪពុកត្រូវបន្តផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់មានសុវត្ថិភាពសមស្របតាមអាយុរបស់កុមារ៕