Facebook រំលាយគម្រោងយក្សសាងសង់ខ្សែកាបក្រោមសមុទ្រពីអាមេរិកទៅដល់ក្រុងហុងកុង
បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះកាសែតចិនដេលីបានចេញផ្សាយថា ក្រុមហ៊ុនហ្វេសប៊ុកបានបង្ខំចិត្តក្នុងការលុបចោលនូវគម្រោងដ៏ធំមួយដើម្បីអាចតភ្ជាប់ខ្សែកាបក្រោមសមុទ្ររវាងទីក្រុងកាលីហ្វ័រញ៉ាទៅដល់ទីក្រុងហុងកុងហើយក្រោយពេលដែលភាពតានតឹងរវាងមហាយក្សអាមេរិក និងចិននៅតែបន្តភាពមិនចុះសម្រុងគ្នានៅឡើយនោះ។
អ្នកនាំពាក្យរបស់ហ្វេសប៊ុកដែលបានធ្វើការរៀបរាប់ប្រាប់ក្រុមអ្នកកាសែតអន្តរជាតិថាដោយសារបញ្ហានៅតែបន្តនៅឡើយរវាងរដ្ឋាភិបាលអាមេរិកនិងក្រុងប៉េកាំង ជាពិសេសទៅលើកិច្ចការងារទំនាក់ទំនងគ្នាដោយផ្ទាល់នោះយើងបានសម្រេចចិត្តក្នុងការលុបចោលគម្រោងនេះទាំងស្រុងតែម្តងប៉ុន្តែអ្នកនាំពាក្យរូបនេះបានបង្ហើបថា ក្រុមហ៊ុននៅតែរំពឹងទុកថានឹងអាចធ្វើការឡើងវិញជាមួយនឹងគ្រប់ភាគីដើម្បីអាចពិនិត្យ និងដោះស្រាយបញ្ហាព្រួយបារម្ភចំពោះរដ្ឋាភិបាលអាមេរិក។

គួរឲ្យដឹងដែរថាខ្សែកាបដែលនឹងគ្រោងនឹងសាងសង់ឡើងដើម្បីអាចផ្ទេរទិន្នន័យនៃបណ្តាញសង្គមយក្សហ្វេសប៊ុនព្រមទាំងក្រុមហ៊ុនទូរគមនាគមន៍មួយចំនួនទៀតរវាងទីក្រុងរបស់អាមេរិក និងទីក្រុងរបស់ចិនមួយនេះត្រូវបានទទួលការអនុញ្ញាត និងព្រមព្រៀងគ្នាតាំងតែពីឆ្នាំ 2018 មកម្ល៉េះ។ សមត្ថភាពនៃខ្សែកាបអុប
ទិកត្រូវបានគេជឿជាក់ថានឹងអាចធ្វើការផ្ទេរទិន្នន័យក្នុងទំហំធំខ្លាំង ប៉ុន្តែប្រើប្រាស់រយៈពេលតិចបំផុត។
គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតែងតែបានធ្វើការចោទប្រកាន់ និងបដិសេធរាល់ភាគីទាំងឡាយណាដែលមានការពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យារបស់មហាយក្សចិនដោយលើកឡើងថាវាអាចផ្តល់ការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់អាមេរិក។
ក្រៅតែពីក្រុងហុងកុងខ្សែកាបអុបទិកដែលត្រូវបានគេដាក់ឈ្មោះថា Pacific Light Cable Network នេះក៏មានការចូលរួមពីសំណាក់ក្រុមហ៊ុនយក្សអាមេរិកGoogle ផងដែរ ហើយតាមគម្រោងវានឹងតភ្ជាប់ទៅកាន់កោះត៉ៃវ៉ាន់ និងប្រទេសហ្វីលីពីន៕