តាំងខារ៉ាអូខេមួយកន្លែង ត្រូវបានអាជ្ញាធរ នៅខណ្ឌ ដូនពេញ ដែលបន្ដបើកដំណើរការ មិនស្ដាប់ ការណែនាំ
នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាព បានចុះបិទអាជីវកម្មខារ៉ាអូខេមួយកន្លែង របស់ជនជាតិវៀតណាម ដែលលួចបើកដំណើរការមិនស្ដាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ទីតាំងខារ៉ាអូខេរបស់ជនជាតិវៀតណាម នៅខណ្ឌដូនពេញមួយនេះ អាជ្ញាធរធ្លាប់បានណែនាំម្ដងរួចមកហើយ ប៉ុន្ដែម្ចាស់ទីតាំងមិនស្ដាប់ និងអនុវត្តតាមនោះទេ ទើបកម្លាំងគណៈបញ្ជាការឯកភាពបានសម្រេចចុះបិទអាជីវកម្មនៅយប់នេះតែម្ដង។ សេចក្ដីរាយការណ៍បានអះអាងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សមួយចំនួន ដែលពាក់ព័ន្ធនៅក្នុងទីតាំងខារ៉ាអូខេមួយនេះផងដែរ ដើម្បីយកទៅធ្វើការសួរនាំ និងអនុវត្តតាមនីតិវិធី។
នៅពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង បានចុះបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ ដែលផ្គើននឹងការណែនាំរបស់រាជរដ្ឋាភិបាល នៅ៣ទីតាំងរួចមកហើយ ដោយឃាត់ខ្លួនបុរសស្ត្រីបានចំនួន ៥៧នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។
មនុស្សប្រុសស្រីចំនួន៥៧នាក់នេះ ក្នុងនោះបានឃាត់ខ្លួននៅភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចំនួន២២នាក់ ហើយក្នុងចំនួននេះមាន មេការ៣នាក់។ នៅភោជនីយដ្ឋាន អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាហាងលួចលាក់បើកខារ៉ាអូខេដែរនោះ ឃាត់ខ្លួនបានប្រុស ស្រីចំនួន៣៥នាក់ មេការចំនួន៣នាក់ និងទី៣ នៅបា បារំាងមួយទីតាំងក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ក្រោយប្រតិបត្តិការ មនុស្សប្រុសស្រី ចំនួន៥៧នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន និងដាក់ QR Code ដើម្បីរកអ្នកពាក់ព័ន្ធដោយប្រយោលនៃជំងឺកូវីដ ហើយក៏បានរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន ដើម្បីចាត់ការទៅតាមនីតិវិធី៕










