អាមេរិកទម្លាក់លុយជំនួយបន្ថែម 14 ពាន់លានដុល្លារជួយដល់វិស័យអាកាសចរណ៍

បរទេស៖ ក្រុមអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះបានឈានទៅដល់ការសម្រេចចិត្តចុងក្រោយមួយដើម្បីអនុម័តកញ្ចប់ថវិកាជំនួយថ្មីមួយដែលមានទំហំរហូតទៅដល់ 14 ពាន់លានដុល្លារ។ ជាផ្នែកមួយនៃជំនួយក្នុងអំឡុងពេលកូវីដ ហើយវានឹងត្រូវប្រើប្រាស់សំខាន់ផ្តោតទៅលើកិច្ចការងារបើកប្រាក់ខែដល់បុគ្គលិកដែលធ្វើការនៅក្នុងវិស័យអាកាសចរណ៍របស់អាមេរិក។

កញ្ចប់ជំនួយ 6 ខែចុងក្រោយដែលកំពុងតែបន្តដំណើរការនៅឡើយនោះគឺបានជួយទៅដល់បុគ្គលិកធ្វើការនៅក្នុងវិស័យអាកាសចរណ៍រាប់ពាន់នាក់ដើម្បីអាចទទួលបានប្រាក់កម្រៃប្រចាំខែរបស់ពួកគេរហូតដល់ចុងខែកញ្ញា ហើយគិតមកដល់ពេលនេះចាប់រាប់តាំងតែពីខែមីនា ឆ្នាំ2020 មកអាមេរិកបានបញ្ចេញកញ្ចប់ជំនួយសម្រាប់វិស័យអាកាសចរណ៍សរុបប្រមាណជា 54 ពាន់លានដុល្លាររួចមកហើយ។

គួរឲ្យដឹងដែរថាការធ្វើដំណើរតាមអាកាសរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់ទៅ 60 ភាគរយកាលពីឆ្នាំ2020 គឺជាអត្រាទាបបំផុតមិនធ្លាប់មានឡើយចាប់តាំងតែពីឆ្នាំ1984 ពោលគឺបាត់បង់ចំនួនភ្ញៀវធ្វើទៅដល់ 550 លាននាក់។មកដល់ពេលនេះការដឹកជញ្ជូនភ្ញៀវតាមអាកាសរបស់អាមេរិកគឺនៅតែបន្តចំណាយលុយយ៉ាងហោចណាស់ប្រមាណជា 150 លានដុល្លារក្នុងមួយថ្ងៃទោះបីជាមិនមានប្រតិបត្តិការក្តីហើយជឿជាក់ថាវានឹងបន្តរហូតដល់ចុងឆ្នាំនេះដដែល។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាច្រើនបានធ្វើការលើកសរសើរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តបន្តប្រាក់ជំនួយលើកនេះដោយបានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាថា៖ កិច្ចការងារនេះគឺពិតជាមានសារៈសំខាន់ណាសដើម្បីឱ្យនិយោជិករបស់យើងមានការងារធ្វើ និងត្រៀមខ្លួនជាស្រេចដើម្បីជួយនៅពេលសេដ្ឋកិច្ចប្រទេសជាតិងើបឡើងពីវិបត្តិនេះវិញ។

ទោះបីជាយ៉ាងណាក្តីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះភាគហ៊ុនរបស់អាកាសចរណ៍អាមេរិកបានកើនឡើងប្រមាណជា 16 ភាគរយវិញដោយសារតែសកម្មភាពធ្វើដំណើរមួយចំនួនដែលភាគច្រើនគឺផ្តោតសំខាន់ទៅលើការដឹកជញ្ជូនវ៉ាក់សាំងនៅក្នុងប្រទេស ហើយត្រឹមតែ 5 ថ្ងៃដើមខែមីនានេះគេសង្កេតឃើញថាចំនួនអ្នក
ធ្វើដំណើរតាមអាកាសរបស់អាមេរិកមានចំនួន 1 លាននាក់ ហើយរំពឹងទុកថានឹងមានការកើនឡើងបន្ថែមទៀតនៅនិទាឃរដូវខាងមុខនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner