រដ្ឋបាលរាជធានីបាន នឹងកំពុងរៀបការ៉ូឡាលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ីផ្នែកខាងត្បូងបន្តខណៈផ្នែកខាងជើងផ្លូវ ដោយចាប់ ផ្ដើមពីស្ពានអាកាស៥មករា ដល់ស្ពានអាកាសផ្សារដីហុយ
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើ ការងារ កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ ដូចជាការរៀបចំបណ្ដាញលូទឹក ស្ដារប្រឡាយ ការស្ថាប នា ជួសជុលផ្លូវសាធារណៈ ស្ពានអាកាស ការរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើង ការកសាង សួន ច្បារសាធារណៈ ដាំផ្កាចម្រុះពណ៌ និងការដាំដើមឈើ ដើម្បីអោយទីក្រុងមានពណ៌បៃតង ស្រស់ស្អាត ។
បើទោះបីស្ថានភាពកូវីដ–១៩បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តការងារអភិវឌ្ឍន៍ដែរ មានន័យថា ដៃម្ខាងអភិវឌ្ឍន៍លើហេដ្ឋារ ចនាសម្ព័ន្ធ នានានិងដៃម្ខាងទៀតទប់ស្កាត់ជម្ងឺកូវីដ–១៩ ។
ជាក់ស្តែងនៅពេលនេះការរៀបការ៉ូឡា នៅលើចិញ្ចើម មហាវិថីសហព័ន្ធ រុស្ស៊ីផ្នែកខាងត្បូង ដោយចាប់ផ្ដើម ពីស្ពាន អាកាស៥មករា (ស្ពានអាកាសតិចណូ )ដល់ស្ពានអាកាសផ្សារដីហុយ នៅព្រឹកថ្ងៃទី១១ខែមីនានេះ ក្រុមការងារបាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្មរៀបកូរ៉ូឡានេះ ដើម្បីអោយរាជធានីភ្នំពេញកាន់តែមានសោភណ្ឌភាព និងអាចអោយ អ្នកថ្មើរជើងអាចធ្វើដំណើរបានស្រួលខណៈដែលការរៀបចំការ៉ូឡា នៅចំហៀងខាងជើងផ្លូវសហព័ន្ធរុស្ស៊ីនេះ សម្រេចបាន ១០០%ហើយនោះ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំពិសិដ្ឋ ធ្លាប់បានបញ្ជាក់អោយដឹងហើយថា ជា គម្រោង របស់រដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវរៀបការ៉ូឡានេះ តាមបណ្តោយសងខាងផ្លូវសហព័ន្ធរុស្ស៊ី ដោយចាប់ពី ពោធិ៍ចិនតុងរហូតដល់មន្ទីរពេទ្យព្រះអង្គឌួង ។ ចំពោះជំហានទី១ក្រុមការងារបានរៀបការរ៉ូឡាពីស្ពានអាកាស ៧មករា (ស្ពានអាកាសលោកសង្ឃ)និងរហូតដល់ពេទ្យអង្គឌួង ។
លោកបន្តថា សម្រាប់ពេលនេះ ក្រុមការងារនេះបានកំពុងធ្វើសកម្មភាពរៀបការ៉ូឡាយ៉ាងសកម្ម នៅលើចិញ្ចើម មហា វិថីសហព័ន្ធរុស្ស៊ីផ្នែកខាងត្បូងដោយចាប់ផ្ដើមពីស្ពានអាកាស៥មករា (ស្ពានអាកាសតិចណូ )ដល់ស្ពានអាកាសផ្សារ ដីហុយ ខណៈដែលការរៀបចំការ៉ូឡា នៅចំហៀងខាងជើងផ្លូវសហព័ន្ធរុស្ស៊ីនេះក្រុមការងារអនុវត្តសម្រេចបាន ១០០% ហើយនោះ។
គួរបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធចំណុះ ឱ្យរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះ លោកធ្លាប់បានបញ្ជាក់ហើយថា នៅលើចិញ្ចើមផ្លូវតាម បណ្តោយមហា វិថីសហព័ន្ធរុស្ស៊ីនេះត្រូវតែជាផ្លូវល្អ ជាផ្លូវដែលស្អាតជាងគេនិងមានសោភណ្ឌភាពពោលគឺ មិនត្រូវឱ្យមានធូលីហុយ ឡើយ ព្រោះថានេះជាមហាវិថីដែលភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ ៕



