ក្រសួងអប់រំ និងសហព័ន្ធកីឡាជាតិលើកឡើងពីផែនការស៊ីហ្គេម ២០២៣
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ចំនួន៥បន្ថែមទៀត ដើម្បីពិនិត្យតាមដានវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងលើកទិសដៅអនុវត្តន៍ការងារកីឡានៅឆ្នាំបន្តបន្ទាប់ ជាពិសេសគឺគោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីជំរុញគោលដៅអភិវឌ្ឍរបស់សហព័ន្ធកីឡាជាតិនានា ឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត។ ឯកឧត្តមអនុរដ្ឋលេខាធិការបានស្នើឲ្យសហព័ន្ធកីឡាជាតិ លើកឡើងនូវផែនការអភិវឌ្ឍរបស់ខ្លួន ព្រមទាំងឲ្យបង្ហាញនូវិញ្ញាសាណាខ្លះចំនួនប៉ុន្មានសម្រាប់ការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
ចំពោះថវិកាគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា គឺមិនអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សហព័ន្ធទាំងអស់នោះឡើយ ដូច្នេះឯកឧត្តមសូមឲ្យសហព័ន្ធកីឡាជាតិនានាស្វះស្វែងរកដៃគូឧបត្ថម្ភបន្ថែម ដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍកាន់តែប្រសើ។
លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក៏បានលើកឡើងនូវផែនការអភិវឌ្ឍរបស់ខ្លួន ក៏ដូចជាបញ្ហាមួយចំនួនទៀត ក្នុងនោះលោកបានសំណូមពរឲ្យក្រសួងអប់រំមេត្តាពិនិត្យលើរបបអាហារសម្រាប់ក្រុមជម្រើសជាតិ និងជម្រើសជាតិថ្នាល ក្នុងការប្រមូលផ្តុំហ្វឹកហាត់ឲ្យមានសារជាតិគ្រប់គ្រាន់ ដែលកីឡាជំនាញកម្រិតខ្ពស់ត្រូវការចាំបាច់នូវរបបអាហារ ដែលមានកម្រិតកាល់ឡូរីប្រមាណ៣០០០ទៅ៤០០០កាល់ឡូរី ឬកីឡាខ្លះទៀតត្រូវមានពីចន្លោះ៦០០០ ទៅ៨០០០ កាល់ឡូរីជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានសហព័ន្ធកីឡាជាតិចូលរួមចំនួន៥សហព័ន្ធរួមមាន៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា, ប៊ូល និងប៉េតង់, ហែលទឹក, វាយកូនបាល់ និងសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា៕