សាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានឥតសំណង១០លានដុល្លារអាមេរិកលើកដំបូងនូវ សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥

សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៥មីនាឆ្នាំ២០២១ បានផ្តល់ហិរញ្ញប្បទានឥតសំណងលើកដំបូងនូវទឹកប្រាក់ចំនួន ១០លានដុល្លារអាមេរិក សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីតាមប្រព័ន្ធវីដេអូរវាង អាជ្ញាធរមីនកម្ពុជា, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) សម្រាប់ការអនុវត្តគម្រោង “បោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលគម្រោងនោះ ក៏ទទួលបានថវិកាគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងអង្គការ UNDP ផងដែរ។ ពិធីចុះហត្ថលេខាតាមប្រព័ន្ធវីដេអូនោះ មានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា, លោក Nick Beresford តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា, លោក Rho Hyunjun នាយក KOICA ប្រចាំកម្ពុជា, លោក Ryan Tierney លេខាទី១នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោក Elliott Kirton លេខាទី១ស្ថានទូតប្រទេសនូវែលសេឡង់ប្រចាំនៅប្រទេសថៃ។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រីលី ធុជ បានបញ្ជាក់ថា ការចុះហត្ថលេខាលើការប្តេជ្ញាចិត្តត្រីភាគីនោះ គឺជាគំរូដ៏ប្រសើរមួយសម្រាប់កិច្ចសហប្រតិបត្តិការ និងក៏ជាសក្ខីភាពនៃការតាំងចិត្តខ្ពស់រួមគ្នាក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យប្រទេសកម្ពុជាឈានដល់គោលដៅក្លាយជាប្រទេសគ្មានមីនឆ្នាំ ២០២៥។ ជាមួយនឹងជំនួយប្រកបដោយសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជានេះ នឹងនាំមកនូវការជួយសង្រ្គោះជីវិតប្រជាជនបានយ៉ាងច្រើន កាត់បន្ថយគ្រោះថ្នាក់ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការចូលរួមផ្តល់ដីមានសុវត្ថិភាព ដែលខ្ញុំបានចាត់ទុកសកម្មភាពបោសសម្អាតមីន គឺស្ថិតនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារនិងកសាងជីវិត និងសហគមន៍ ដែលបានបាត់បង់ឱកាស និងរងគ្រោះដោយសារជម្លោះ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីភ្ជាប់ចំណងការទូតជាប្រវត្តិសាស្រ្តឡើងវិញនៅឆ្នាំ១៩៩៧ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យកិច្ចសហប្រតិបត្តិការ នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ និងវប្បធម៌ ហើយសាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀត ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាលើវិស័យជាច្រើន។ ដោយឡែកសម្រាប់វិស័យសកម្មភាពមីន សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីការពារជនស៊ីវិលពីការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាំងពីឆ្នាំ១៩៩៧។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រជាជនដែលរស់នៅក្នុងសហគមន៍រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ដទៃទៀត រួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវែស កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ នឹងបន្តឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ការងារត្រូវបានបញ្ចប់ និងធ្វើឲ្យសុបិន្តប្រទេសកម្ពុជាដែលគ្មានគ្រាប់មីនក្លាយជាការពិតឆ្នាំ២០២៥៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner