ផលិតករភាពយន្ត អ៊ូច មករា ៖ “ការងារជោគជ័យ អាស្រ័យលើរបៀបធ្វើការងារជាក្រុមបានល្អ”

អត្ថបទដោយ៖
AMS

ពាក្យចាស់តែងពោលថា “គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ” ពាក្យនេះទំនងជាមិនអាចឆ្លើយតបទៅនឹងទិដ្ឋភាពជាក់ស្តែងទាំងស្រុងលើរបៀបធ្វើការងារជាក្រុមនាពេលបច្ចុប្បន្នឡើយ។ ប៉ុន្តែវាអាចត្រឹមត្រូវទៅតាមបរិបទការងារ ប្រសិនបើការងារនោះពុំត្រូវការគ្នីគ្នាច្រើន។ បច្ចុប្បន្នរបៀបធ្វើការងារជាក្រុម មានឥទ្ធិពលយ៉ាង​ខ្លាំង​ដល់ដំណើរការផលិតកម្មការងារ តែក៏ត្រូវការអ្នកចូលរួមជាមនុស្សចិត្តមួយថ្លើមមួយបំពេញការងារទាំងនោះដែរ។ លោក​ អ៊ូច មករា​ អ្នកដឹកនាំរឿង និងជាផលិតករភាពយន្ត មានបទពិសោ​ធន៍​ធ្វើការងារក្រុមជាច្រើនឆ្នាំក្នុងវិស័យនេះ បានចែករំលែកពីបទពិសោធផ្ទាល់ខ្លួនថា ផលិតកម្មការងារជោគជ័យ អាស្រ័យលើរបៀបធ្វើការងារជាក្រុមបានល្អ។

លោក​ អ៊ូច មករា​ យល់ឃើញថា ធ្វើការជាក្រុមរមែងតែងតែជួបបញ្ហាផ្សេងៗ ដោយសារមានមនុស្សច្រើន មតិយោបល់ច្រើន​ គំនិតច្រើន ព្រមទាំងការយល់ឃើញខុសៗគ្នា តែបញ្ហាទាំងឡាយអាចដោះស្រាយទៅបានប្រសិនបើសមាជិកក្រុមចេះពិភាក្សា រក្សាទំនាក់ទំនងល្អជាមួយគ្នា និងដើរតាមគោលដៅរួមរបស់ក្រុម​។

ក្នុងអាជីពជាអ្នកជំនាញផលិតវីដេអូច្រើនឆ្នាំ លោក អ៊ូច មករា បានឱ្យដឹងថា “កន្លងមកក្រុមពួកខ្ញុំកម្រជួបប្រទះបញ្ហាណាស់ ដោយសារតែពួកយើងមានបទពិសោធធ្វើការងាររបស់ខ្លួនច្បាស់។ ជាទូទៅក្រុមការងារស្ដាប់គ្នា​ យល់អធ្យាស្រ័យគ្នា យល់ច្បាស់ពីហេតុផល គោលដៅរបស់គម្រោង  និងគោលបំណងរបស់ក្រុមការងារ”។

លោក អ៊ូច មករា បានបន្តថា ប្រសិនបើសមាជិកក្រុម​ប្រើអារម្មណ៍រៀងៗមកបំពេញការងារ ខ្វះប្រាស្រ័យទាក់ទងគ្នា ឬមិនផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកនៅក្នុងក្រុម បញ្ហាភ័ន្តច្រឡំណាមួយនឹងកើតឡើងជាក់ជាពុំខាន។

“ជាទូទៅបើពួកគាត់យកបទពិសោធរៀងខ្លួនយកមកប្រើការក្នុងពេលធ្វើការជាមួយគ្នា វាច្រើនតែខុសគ្នាហើយ ដូចនេះគាត់គួរតែរកចំណុចរួមមួយ មានន័យថាជាគោលបំណងរួមដែលជាហេតុផលក្នុងការជំរុញពួកគាត់ឱ្យបន្តការងារជាមួយគ្នា ឈានទៅរកល្អប្រសើរក្នុងការងារ… ក្នុងករណីបើមានបញ្ហាភ័ន្តច្រឡំណាមួយកើតឡើង ដំណោះស្រាយ គឺត្រូវជជែកពិភាក្សាគ្នា ស្វែងរកគំនិតរួមគ្នាមួយ” លោក អ៊ូច មករា។

អ្នកដឹកនាំរឿងរូបនេះក៏បានបន្ថែមថា ដើម្បីឱ្យកិច្ចការជាក្រុមទទួលបានជោគជ័យ និងមានប្រសិទ្ធភាព អ្នកដឹកនាំក្រុមគួរស្វែងយល់ពីសមត្ថភាពរបស់សមាជិកក្រុមនីមួយៗឱ្យបានច្បាស់ រៀបចំក្រុមការងារឱ្យចំគោលដៅ ចេះគាំទ្រលើកទឹកចិត្ត ពន្យល់ណែនាំដោយឥរិយាបថនិងទង្វើត្រឹមត្រូវ​ជាវិជ្ជមាន។

សម្រាប់លោក អ៊ូច មករា ៖ “ការងារក្រុមល្អ អាស្រ័យលើសមជិកម្នាក់ៗធ្វើការតាមជំនាញ គោរពតាមឋានានុក្រម ចេះជួយគ្នានៅពេលនណាម្នាក់ត្រូវការជំនួយ ផ្តល់តម្លៃឱ្យគ្នា ផ្តល់ឱកាសឱ្យសមាជិកក្រុមបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនម្នាក់ៗទៅតាមជំនាញរៀងខ្លួន”៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner