ខេត្តកណ្ដាលចាប់ផ្ដើមប្រតិបត្តិការបោស សំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ
នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នៅព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២១បានអញ្ជើញដឹកនាំក្រុមការងារប្រតិបត្តិការបោស សំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ បើកការដ្ឋានប្រតិបត្តិការបោសសំអាតគ្រាប់ក្រោម ទឹកការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល។
សម្រាប់ការដ្ឋានទី២ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ជិតកំពង់ចម្លងបន្ទាយដែក បឹងគ្រុំ ត្រូវគេរាយាករណ៍ថា មាន ជាប្រភេទនាវាចម្លងផ្ទុកសម្ភារៈសឹកកង ទ័ព លន់ ណុល ដែលមានចំណុះប្រមាណ៨០០តោន បានលិច ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥។
កម្ពុជាបាននិងកំពុងប្រតិបត្តិការបោស សំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេនៅការដ្ឋានទី១ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥តោន២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្ស និងសម្ភារៈសឹកមួយចំនួនទៀត៕







