ចុះបញ្ជីធ្វើស្លាកលេខរថយន្តថ្មីមានការថយចុះជាងពាក់កណ្តាល ខណៈពេលកន្លែងឆៀករថយន្ត និងប័ណ្ណបេីកបរកកស្ទះរាល់ថ្ងៃ
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ បានអោយដឹងថា រថយន្តដែលបានចុះបញ្ជី និងពាក់ស្លាកលេខ រាជធានីភ្នំពេញ មានចំនួន ៥០៨ ២៣៦គ្រឿង គិតចាប់ពីឆ្នាំ២០០៦ រហូតដល់ខែមេសាឆ្នាំ២០២០នេះ ។ បន្ទាប់ពីផ្ទុះករណីកូវីដ-១៩ ក្នុងរយៈពេល៤ខែកន្លងមក ចាប់ពីខែមករា ដល់ខែឧសភា ដេីមឆ្នាំ២០២០នេះ ការចុះបញ្ជីរថយន្តថ្មី មានសភាពស្ងប់ស្ងាត់ គឺមានការថយចុះជាងពាក់កណ្តាលបើប្រៀបធៀបទៅនឹងថ្ងៃធម្មតា ទោះបីជាសមត្ថកិច្ចប្រកាសរឹតបន្តឹង ក្នុងការអនុវត្តច្បាប់ចរាចរណ៍ចេញថ្មីក្តី គឺផ្ទុយពីការឆៀករថយន្ត និងប័ណ្ណបេីកបរដែលប្រជាពលរដ្ឋសម្រុកទៅធ្វើទ្វេឡេីងគុណនឹង១០ដង ។
មន្ត្រីជំនាញ របស់អង្គភាពចុះបញ្ជីរថយន្ត យានយន្តុប្បករណ៍ និងត្រាក់ទ័រ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យកោះសន្តិភាពដឹងថា ក្នុងមួយរយៈពេល៤ខែកន្លងមកនេះ អង្គភាពចុះបញ្ជីរថយន្ត យានយន្តុប្បករណ៍ និងត្រាក់ទ័រ ហាក់មានសភាពស្ងប់ស្ងាត់ គឺប្រជាពលរដ្ឋដែលទៅចុះបញ្ជីរថយន្តថ្មីមានការថយចុះច្រើនឬគុណនឹង២ដង បើប្រៀបធៀបទៅនឹងមុនពេលផ្ទុះករណីកូវីដ-១៩ ។ លោក បន្តថា ជាក់ស្តែងសម្រាប់ខែមករា ប្រជាពលរដ្ឋទៅចុះបញ្ជីរថយន្តថ្មីមានចំនួន៦៨២៥គ្រឿង ខែកុម្ភៈចំនួន៤៥២០គ្រឿង ខែមីនាមានចំនួន៥៦៣៨គ្រឿង និងខែមេសាកន្លងមកនេះ បានធ្លាក់នៅត្រឹម៣៣៣៨គ្រឿង ហើយសម្រាប់ខែឧសភានេះរឹតតែស្ងាត់ជាងខែមុនទៅទៀត។
មន្ត្រីដដែល បានអោយដឹងទៀតថា អង្គភាពចុះបញ្ជីរថយន្តរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានចំនួនពីរទីតាំង គឺមួយនៅចំការដូង និងមួយទៀតនៅឬស្សីកែវឬនៅជិតស្នងការនគរបាលរាជធានីភ្នំពេញ ដែលកាលពីមុនទីតាំងទាំងពីរនេះ ទទួលចុះបញ្ជីរថយន្តថ្មីក្នុងមួយថ្ងៃប្រមាណជាង៣០០គ្រឿង តែពេលនេះមានតែជាង១០០គ្រឿងប៉ុណ្ណោះ ។ ក្នុងមួយរយៈពេលនេះ មន្ត្រីរងចាំទទួលចុះបញ្ជីបម្រើជូនប្រជាពលរដ្ឋគ្រប់ពេលម៉ោងធ្វើការ ដែលមិនអោយយឺតយ៉ាវឡើយ និងផ្តល់ស្លាកលេខជូនបានភ្លាមៗប្រសិនបើមានឯក្សាគ្រប់គ្រាន់ មិនដូចការចោទប្រកាន់ថា មានការកកស្ទះឬធ្វើមិនទាន់នោះឡើយ។
មន្ត្រីជំនាញរបស់អង្គភាពចុះបញ្ជីរថយន្ត បានបញ្ជាក់ថា អង្គភាពចុះបញ្ជីរថយន្តទាំងពីរទីតាំងនោះនៅជាប់ជាមួយនឹងកន្លែងឆៀករថយន្ត ហើយមួយរយៈពេលនេះ រថយន្តជាច្រើនបានសម្រុកទៅឆៀកដែលធ្វើអោយមានការកកស្ទះ គឺមិនមែនអ្នកទៅចុះបញ្ជីធ្វើស្លាកលេខថ្មីទេ គឺរថយន្តរងចាំចូលឆៀកនោះទេ ។ មន្ត្រីដដែល បានអះអាងថា សម្រាប់ការចុះបញ្ជីធ្វើស្លាកលេខរថយន្តថ្មីនេះ ប្រជាពលរដ្ឋកុម្មង់លេខ ឬចុះបញ្ជី និងបង់លុយតាមប្រពន្ធ័អនឡាញទាំងស្រុង ចំណែកមន្ត្រីជំនាញជាអ្នកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវ មុននឹងឈានទៅដល់ការផ្តល់ជូនស្លាកលេខ និងកាតគ្រីជាការបញ្ចប់ចុងក្រោយ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋ បាននាំគ្នាសម្រុកយករថយន្តទៅឆៀក និងទៅធ្វើបណ្ណបើកបរយ៉ាងច្រើនកុះកររហូតដល់មានការកកស្ទះផងដែរ បន្ទាប់ពីសមត្ថកិច្ច ប្រកាសរឹតបន្តឹងក្នុងការអនុវត្តច្បាប់ចរាចរណ៍ចេញថ្មី ប៉ុន្តែសម្រាប់ការចុះបញ្ជីរថយន្តថ្មីបែរជាស្ងាត់ទៅវិញ ៕