សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានប្រកាសថា នឹងបន្តនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនគ្រួសារងាយរងគ្រោះនៅក្នុងសហគមន៍ ដើម្បីជួយដោះបន្ទុកគ្រាជួបគ្រោះមហន្តរាយធម្មជាតិ
ខេត្តរតនគិរី៖ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ថង សាវុន បានប្រកាសបែបនេះ ក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ បូកសរុបលទ្ធផលការងារ ត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត ក្នុងត្រីមាសទី២ ឆ្នាំ២០២០។ កិច្ចប្រជុំនោះទៀត បានធ្វើនៅរសៀលថ្ងៃទី១១ ឧសភា ឆ្នាំ២០២០ នៅសាលាខេត្តរតនគិរី ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងក្រុមប្រតិបត្តិសាខា ជាច្រើនរូបទៀត ផងដែរ។
នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃម្សិលមិញ បានផ្តោតសំខាន់ទៅលើ កាតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារ ត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ការងារបន្ត ពិនិត្យអនុម័ត របាយការណ៍ ហិរញ្ញវត្ថុ ត្រីមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារបន្ត ត្រួតពិនិត្យលើការងារកៀរគរមូលនិធិ អបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រសាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា » រៀបចំផែនការ បន្តនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ចុះសួរសុខទុក្ខដល់គ្រួសារជនងាយរងគ្រោះ នៅក្នុងសហគមន៍ ។
ស្របពេលជាមួយគ្នានេះ អង្គភាពអគ្គិសនីកម្ពុជា ខេត្តរតនគិរី បាននាំយកថវិកា ៥ពាន់ដុល្លារអាមេរិក មកឧបត្ថម្ភដល់ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដើម្បីចូលរួម និងគាំទ្រអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០។
ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអង្គភាពអគ្គិសនីកម្ពុជា ខេត្តរតនគិរី រួមទាំងសប្បុរសជននៅគ្រប់មជ្ឈដ្ឋាននានា ដែលតែងតែឧបត្ថម្ភគាំទ្រ នូវគ្រប់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្នុងរយៈពេលកន្លងមក។
លោកបានប្រកាសថា សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នឹងប្រើប្រាស់អំណោយសប្បុរសធម៌នេះ ដើម្បីឆ្លើយតបទៅកាន់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍គ្រឹះ របស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕ ដោយ៖ឡុង សំបូរ