ADB ផ្តល់កម្ចី ១.៣ពាន់លានដុល្លារឲ្យកម្ពុជាសម្រាប់ការអភិវឌ្ឍពីឆ្នាំ ២០២១-២០២៣
ADB គ្រោងនឹងផ្តល់កម្ចីដែលមានការប្រាក់ទាប ប្រមាណ ១.៣ ប៊ីលានដុល្លារអាមេរិកមកឲ្យកម្ពុជាតាមរយៈគម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២១-២០២៣។ នេះបើយោងតាមលទ្ធផលជំនួបតំណាងក្រសួងសេដ្ឋកិច្ច និងនាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាដែលទើបផ្សព្វផ្សាយនៅថ្ងៃនេះ។ ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ហិរញ្ញប្បទាននេះក៏នឹងប្រើ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ ៣ ៤៨៥ លានដុល្លារអាម៉េរិក ដែលក្នុងនោះ ឥណទានសម្បទានចំនួនប្រមាណ ២ ៩៨៣ លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥០២ លានដុល្លារអាម៉េរិក ៕
