ទីផ្សារលំនៅដ្ឋាននៅសិង្ហបុរីធ្លាក់ចុះជាង 60 ភាគរយកាលពីខែកុម្ភៈកន្លងទៅនេះ

បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថាតួលេខនៃការលក់លំនៅដ្ឋានឯកជននៅក្នុងប្រទេសសិង្ហបុរីនៅក្នុងខែកុម្ភៈ មានការធ្លាក់ចុះខ្លាំងដល់ទៅ 60.5 ភាគរយ ខណៈដែលចំនួននៃការលក់ក្នុងខែមករាមានកំណើនខ្ពស់។

ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលបណ្តាលឱ្យការលក់មានការធ្លាក់ចុះនេះគឺបណ្តាលមកពីហេតុផលចម្បង ដោយសារតែក្រុមហ៊ុនសាងសង់ជាច្រើនបានសម្រេចចិត្តពន្យាពេលលក់នៅមុនពេល និងក្រោយពិធីបុណ្យចូលឆ្នាំចិនកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅនេះ។

តាមរយៈតួលេខដែលត្រូវបានបង្ហាញដោយអជ្ញាធរអភិវឌ្ឍន៍ទីក្រុងរបស់សិង្ហបុរីឬ URA នៅថ្ងៃអង្គារដដែលនេះក៏បានបង្ហាញឲ្យឃើញដែរថា ចំនួនលំនៅដ្ឋានដែលបានលក់ចេញនៅក្នុងខែកុម្ភៈកន្លងមកគឺមានត្រឹមតែ 645 យូនីតប៉ុណ្ណោះធៀបទៅនឹងការលក់នៅក្នុងខែមករាដែលធ្វើបានដល់ទៅ 1,632 យូនីតដោយមិនរាប់បញ្ចូលជាមួយនឹងខុនដូប្រភេទ Executive Condominiums នោះឡើយ។

ចំនួនលក់បាននៅក្នុងតំបន់ក្រៅពីតំបន់កណ្តាលក្រុង ឬ RCR ( Rest of Central Region) មានចំនួនដល់ទៅ 325 យូនីតខណៈដែលចំនួនដែលលក់បាននៅក្នុងតំបន់ក្រៅក្រុង ឬ OCR (Outside Central Region) មានប្រមាណជា 262យូនីត។

ដោយឡែកចំនួនលំនៅដ្ឋានឯកជនថ្មីមានតែ 167 យូនីតប៉ុណ្ណោះដែលត្រូវបានប្រកាសដាក់លក់កាលពីខែមុនធៀបទៅនឹងយូនីតសរុបដល់ទៅ 2,600ដែលត្រូវបានប្រកាសដាក់លក់កាលពីខែមករា។ អត្រាលក់នៅក្នុងខែកុម្ភៈកន្លងទៅនេះ ក៏មានការធ្លាក់ចុះប្រមាណជា 33.9  ភាគរយបើធៀបទៅនឹងតួលេខដែលលក់បានកាលពីខែកុម្ភៈឆ្នាំ2020 ដែលអាចលក់បានដល់ទៅ 976 យូនីត។

ជាមួយនឹងការធ្លាក់ចុះនៃចំនួនលក់លំនៅដ្ឋានលក្ខណ​ឯកជនទាំងនេះត្រូវបានក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យនៃប្រទេសនេះអះអាងថាដោយសារតែភាពមិនប្រាកដប្រជានៃចរន្តសេដ្ឋកិច្ច និងស្ថានភាពទីផ្សារក្នុងស្រុកដែលបណ្តាលមកពីបញ្ហានៃជំងឺកូវីដនៅតែបន្ត ដែលធ្វើឱ្យមនុស្សភាគច្រើននៅស្ទាក់ស្ទលរក្នុងការចំណាយលុយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner