ក្រសួងយុត្តិធម៌៖ការផាកពិន័យអ្នកអត់ពាក់ម៉ាស មិនទាន់ត្រូវបានធ្វើឡើងជាទូទៅទេគឺធ្វើតែកន្លែងប្រឈមខ្ពស់និងតាមការសម្រេចពីក្រសួងសុខាភិបាល

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ «ការផាកពិន័យអ្នក​អត់ពាក់ម៉ាស មិនទាន់​ត្រូវបាន​ធ្វើឡើងជាទូទៅទេ ពោលគឺធ្វើឡើងតែនៅកន្លែង​ដែលប្រឈមខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩តែប៉ុណ្ណោះ និងត្រូវមាន​សេចក្តីសម្រេច​ពីក្រសួងសុខាភិបាល»នេះបើតាម ឯកឧត្តម កើតរិទ្ធរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌បញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួង។

គួរបញ្ជាក់ថាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បែបនេះធ្វើឡើងក្រោយពីពេលដែលអនុក្រឹត្យស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

បើតាមអនុក្រឹត្យថ្មីនេះបានចែងថាចំពោះ អ្នករឹងទទឹងមិនព្រមពាក់ម៉ាស អាចរងពិន័យជាប្រាក់ពី ២០ម៉ឺន ទៅ១លានរៀល។អ្នកមិនពាក់ម៉ាសតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងត្រូវរងការព្រមានពីអាជ្ញាធរ ហើយបើនៅតែរឹងទទឹងមិនព្រមពាក់ម៉ាស់ទៀត អាចប្រឈមនឹងរងការពិន័យជាប្រាក់ចន្លោះពី ២០ម៉ឺនរៀល ទៅ ១លានរៀល។

          គួរបញ្ជាក់ថាក្នុងអនុក្រិតថ្មីមាត្រា១៩បានចែងថា”ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាសដូចមានចែងក្នុងមាត្រា៥ ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ដូចមានចែងក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ។ ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជា ពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល។ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ដែលមិនគោរពវិធានការរក្សាគម្លាតសុវត្ថិភាពសង្គមដូចមានចែងក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ។

      ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០(មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

      ក្រសួង ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ច អាចសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលបន្ថែមដូចមាន ចែងក្នុងមាត្រា៤ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាព សង្គមដទៃទៀត ដែលបានប្រព្រឹត្តអំពើល្មើសខាងលើ។

      ដោយឡែកចំពោះមាត្រា២០នៃអនុក្រិតនេះបានចែងដែរថា៖ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះសហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនបានអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការរក្សាគម្លាត សុវត្ថិភាព ដូចមានចែងក្នុងមាត្រា៦ និងមាត្រា៧ នៃអនុក្រឹត្យនេះ។ ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើស ដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់ លាន) រៀល។

      ចំពោះក្រសួង ស្ថាប័នមានសមត្ថកិច្ច អាចសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលបន្ថែមដូចមានចែងក្នុងមាត្រា៥ នៃ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ចំពោះសហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលបានប្រព្រឹត្តអំពើល្មើសខាងលើ ។

    សូមរំលឹកថា អនុក្រឹត្យស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ និងជំងឺឆ្លង​កាចសាហាវ និងប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេងទៀត ដែលមាន​កម្រាស១០ទំព័រ ៩ជំពូក និង៣៥មាត្រានេះ ត្រូវបាន​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា​ដាក់ឲ្យ​ប្រើប្រាស់​នៅថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២១៕ ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner