ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះឃ្លាំងសិប្បកម្មស្តុក គ្រឿងសង្ហារឹមមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ មានករណីអគ្គិភ័យឆ្លងចរន្តអគ្គិសនីឆាបឆេះឃ្លាំងសិប្បកម្មស្តុកគ្រឿងសង្ហារឹមមួយកន្លែង ដែលមានផ្លាក់យីហោ សុខហេង បណ្ដាលឲ្យរងការខូចខាតទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋឃើញមានផ្សែងហុយចេញពីឃ្លាំងស្តុបគ្រឿងសង្ហារឹមមួយកន្លែង ដែលមានយីហោ សុខហេង យ៉ាងខ្មួលខ្មាញ់ចេញពីខាងក្នុងឃ្លាំងនេះ ទើបរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមើលតែម្តង។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យឲ្យចេញរថយន្តជាច្រើនគ្រឿង ចុះជួយអន្តរាគមន៍ ដើម្បីធ្វើការបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញ ហើយមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ប្រើប្រាស់ពេលវេលារយៈពេល៣០នាទី ដើម្បីបាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរ មិនមានឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។
សូមបញ្ជាក់ថា ឃ្លាំងសិប្បកម្មស្តុបគ្រឿងសង្ហារឹមខាងលើនេះ មានយីហោ សុខហេង ទំហំ៤០ម៉ែត្រ គុណ ៣០ម៉ែត្រ សង់អំពីដែកប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង៕