កីឡាករគុនខ្មែរជួរមុខ៣រូបជាប់ឈ្មោះ ជាក្រុមជម្រើសជាតិ ឃីត ​បុកស៊ីង ត្រៀមស៊ីហ្គេម នៅវៀតណាម

លោក ជា រិទ្ធ គ្រូបង្គោលទទួលបន្ទុកបង្វឹកក្រុមកីឡាករ កីឡាការិនីក្រុមជម្រើសជាតិ ឃីត បុកស៊ីង បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា តាមប្រព័ន្ធតេឡេក្រាម នាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១នេះថា អត្តពលិកកីឡាឃីត បុកស៊ីង ទាំងបំរុង និងជម្រើសជាតិ បច្ចុប្បន្នកំពុងហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម មានចំនួន១២រូប ប៉ុន្តែក្នុងចំណោម១២រូបនោះ មានកីឡាករគុនខ្មែរជួមុខជើងខ្លាំង៣រូប គឺកីឡាករ ប៉ឺត សង្ឈឹម សុខ រិទ្ធ និង កីឡាករ ឈុត សិរីវ៉ាន់ថង ផងដែរ។


លោក បញ្ជាក់ថា កីឡាករ កីឡាការិនី ទាំង១២រូបនេះ គឺមានប្រភេទទម្ងន់ចាប់ពី៤៨គីឡូក្រាម ដល់៦៤គីឡូក្រាម ផ្នែកកីឡាការិនី មាន វី ស្រីខួច នៅ ស្រីពៅ អេ យ៉ានុតព្រីភូថង ស៊ី ថាស្រីលីន និង ទួន ស្រីពីន និងកីឡាការិនី អ៊ុង គឹមហួយ ។ ដោយ ឡែកសម្រាប់ កីឡាករវិញ មាន ហ៊ីម គីមរៀង កន សុម៉ាលី វ៉ា ប៊ុនឌឿន សុខ រិទ្ធ ប៉ឺត សង្ឈឹម និង កីឡាករឈុត សិរីវ៉ាន់ថង ។


លោក ជា រិទ្ធ អះអាងទៀតថា កីឡាករ កីឡាការិនីទាំង១២រូប ដែលកំពុងហ្វឹកហាត់ត្រៀមនេះ ភាគច្រើនជ្រើសចេញពីកីឡាករគុនខ្មែរ និងមួយចំនួនជ្រើសចេញពីកីឡាប្រយុទ្ធតុងហ្គីម៉ូដូ ។


សូមបញ្ជាក់ថា សហព័ន្ធកីឡា ឃីត បុកស៊ីង ទើបតែបង្កើតឡើងនៅចុងឆ្នាំ២០២០ ដោយឯកឧត្តម ហេង សុខឃន ជាប្រធានសហព័ន្ធ ដោយឡែកគ្រូដែលទទួលបន្ទុកបង្វឹកមានចំនួន៣រូប ក្នុងនោះ លោក ជា រិទ្ធ ជាគ្រូបង្គោល ប៉ឹត ខាំ និង សៅ ប៊ុននឿន ជាគ្រូជំនួយ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner