ឯកឧត្តម ឃឹម ប៊ុនសុង រួមជាមួយមន្ត្រីបច្ចេកទេសស្ពាន ថ្នល់ ចុះពិនិត្យការស្ថាបនាផ្លូវចំនួន១៣ខ្សែ របស់កងវិស្មកម្ម១៧៨ ក្នុងភូមិសាស្រ្តក្រុងសៀមរាប
ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និងជានាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រួមទាំងអស់លោកជាមន្ត្រីបច្ចេកទេសស្ពានថ្នល់ និងមន្ត្រីសាលាក្រុងសៀមរាប បានចុះពិនិត្យការស្ថាបនាផ្លូវចំនួន១៣ខ្សែ របស់កងវិស្មកម្ម១៧៨។
ក្នុងការចុះពិនិត្យ បច្ចេកទេសរបស់ក្រុមការងារ បានសង្កត់ធ្ងន់ទៅលើការរៀបចំធ្វើគ្រឹះនៃផ្លូវ ការរៀបចំ ដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ព្រមទាំងការរៀបចំធ្វើខឿងចិញ្ចើមផ្លូវ ឲ្យបានត្រឹមត្រូវបច្ចេកទេស ស្តង់ដារ ដែលក្រសួងបានធ្វើការណែនាំកន្លងមក ដើមី្បជៀវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សឿន រឿត បានឲ្យដឹងថា ចាប់ពីដំណើរការស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប កងវិស្វកម្ម១៧៨ទទួលការស្ថាបនាផ្លូវចំនួន១៣ខ្សែ ដែលជាផ្លូវស្ថិតក្នុងតំបន់មានភាព ស្មុកស្មាញ ដែលបានធ្វើឲ្យប៉ះពាល់នូវ សតិអារម្មណ៍របស់ប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវ ។ ឯកឧត្តមបន្តទៀតថា ការងារស្ថាបនាផ្លូវទាំង១៣ខ្សែ មកដល់ពេលនេះធ្វើបាន២៥%ហើយ ក្នុងនោះផ្លូវមួយចំនួនបានធ្វើការរៀបចំគ្រឹះ និងរៀបចំដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់បានរួចរាល់ ហើយផ្លូវមួយចំនួនមានភាពយឺតយ៉ាវ ដោយកង្វះលូ ដោយក្រុមហ៊ុនផលិតលូ ផ្គត់ផ្គង់ផ្តល់មិនទាន់ពេលវេលា និងការបង្កប់ទឹកស្អាត បណ្តាញអគ្គិសនី និងខ្សែកាប្តិ៍ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើក នូវបញ្ហាមួយចំនួន ដែលក្រុមបច្ចេកទេសមិនបានចុះមកពិនិត្យ និង ធ្វើការណែនាំដល់ក្រុមការងារ ក្នុងការរៀបចំខឿងចិញ្ចើមផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានអមសង្ខាងផ្លូវ ដែលតម្រូវឲ្យក្រុមការងារធ្វើការរុះរើរៀបចំឡើងវិញ ដោយទុកខឿងឲ្យខ្ពស់ពីផ្លូវតែ០,៨សង់ទីម៉ែត្រ នៅតាមមុខផ្ទះប្រជាពលរដ្ឋក្នុងទីប្រជុំជន ។
ក្នុងនាមតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានលើកផងដែរ ចំពោះការងារស្ថាបនាផ្លូវ គឺយើងជៀសមិនផុតឡើង ពីការប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជន មហាជន ដែលបានបានធ្វើចរាចរណ៍ទៅមក និងអ្នកមានលំនៅដ្ឋានតាមដងផ្លូវទាំងនេះផងដែរ ។ ឯកឧត្តមក៏សុំបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សុំមានការយោគយល់អធ្យាស្រ័យ អត់ធ្មត់ ចំពោះការរំខាន និងផលប៉ះពាល់ដោយសារដំណើរការការដ្ឋានសាងសង់ដោយតម្រូវឲ្យបិទចរាចរណ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និង លូទឹកកខ្វល់ ទឹកស្អាត បណ្តាញអគ្គិសនី និងខ្សែកាប្តិ៍ ។ ក្នុងនោះក៏សូមឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ចូលរួមសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស ដើម្បីឲ្យដំណើរការគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនេះ អនុវត្តទៅដោយរលូន និងអាចប្រែក្លាយទីក្រុងសៀមរាបទៅជាទីក្រុងទំនើបជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ លើកកម្ពស់សោភ័ណភាពក្រុង ឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប