នាយករដ្ឋមន្ត្រីជប៉ុនទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ដូសដំបូងរួចរាល់ហើយ
ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នៅថ្ងៃអង្គារនេះបានទទួលការវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូង ដែលផលិតឡើងដោយក្រុមហ៊ុន ភីហ្វីហ្ស៊ឺ-បាយអូអិនធិច (Pfizer-BioNTech) រួចរាល់ហើយ នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងតូក្យូ ក្នុងគោលបំណងធានាអំពីសុវត្ថិភាពក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ ។
បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូងរួចហើយ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ នឹងទទួលការចាក់វ៉ាក់សាំងដូសទី២របស់លោកនៅក្នុងរយៈពេល៣សប្តាហ៍ខាងមុខទៀត ។ កន្លងមក លោក ស៊ូហ្គា ធ្លាប់បានសន្យាថា ជប៉ុននឹងមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រជាជនខ្លួនទាំង១២៦លាននាក់ នៅត្រឹមខែមិថុនាខាងមុខនេះ មុនការចាប់ផ្តើមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ។
សូមបញ្ជាក់ថា ការចាប់ផ្តើមចាក់វ៉ាក់សាំងរបស់លោក ស៊ូហ្គា ធ្វើឡើងមុនពេលដែលរូបលោកត្រូវអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅខែក្រោយនេះ ។ លោក ស៊ូហ្គា នឹងក្លាយជាមេដឹកនាំពិភពលោកដំបូងគេបង្អស់ ដែលជួបមុខផ្ទាល់ជាមួយលោក បៃដិន គិតចាប់តាំងពីលោក បៃដិន បានក្លាយជាប្រធានា ធិបតីអាមេរិកកាលពីដើមឆ្នាំ២០២១នេះ ៕ ប្រភព៖ ស៊ីនហួរ

